(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានថ្លែងថា នៅក្នុងអំឡុងទស្សវត្សឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោកលើវិញ្ញាសាកីឡាហែលទឹក ហើយលោកប្រាថ្នាចង់ឃើញយុវជននាពេលបច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាងទស្សវត្សរ៍នោះបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះ ត្រូវបានជួសជុល និងពង្រីកបន្ថែមដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ ៣,០០០,០០០ដុល្លាអាមេរិកដែលជាជំនួយ របស់ក្រុមហ៊ុន Shanghai Construction។ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះមានបំពាក់ម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជា ឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០សម្រាប់អង្គុយទស្សនា។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀតលើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរ ឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតិភូមិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យចូលរួមហាត់កីឡានេះ ឱ្យបានច្រើន ព្រោះថាការចូលរួមហាត់មិនមានការបង់ថ្លៃឡើយ។ លើសពីនេះទៀតសហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា នៅឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយបិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើម របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ ហើយបើកឱ្យដំណើរការតាំងពីឆ្នាំ១៩៦៧។

ចន្លោះឆ្នាំ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពល)។ ឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារឡើងវិញ និងបានទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនផងដែរ៕