(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប មានរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹង ឱសថក្លែងក្លាយ និងឱសថអន់គុណភាព ដែលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមរបស់ឧត្តមមន្ត្រីសុខាភិបាល ទួលបន្ទុកគោលនយោបាយ ឱសថ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសមកពីតំបន់អាស៊ី- អឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអឺរ៉ុប សរុបប្រមាណ៣០០នាក់។

កិច្ចប្រជុំក៏នឹងពិភាក្សាដាក់ស្នើអនុសាសន៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៥១ អនុម័តនៅក្នុងប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលត្រូវបានលើកទៅធ្វើនៅឆ្នាំក្រោយនៅកម្ពុជា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញានេះ ដោយលោករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូលសម្រាប់អនុវត្តបន្ត។

សូមជម្រាបថា កម្ពុជាមានការគ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ-១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ហើយកិច្ចប្រជុំនេះជាកិច្ចប្រជុំអម ដែលបានប្តូររបៀបប្រជុំគ្រោង ធ្វើមានការជួបប្រជុំគ្នាផ្ទាល់នៅខេត្ត សៀមរាបនោះ មកជាបែបប្រជុំតាមប្រព័ន្ធវីដេអូវិញ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដែលនឹងផ្តោតលើប្រធានបទសំខាន់ៗ៖

១៖ បន្ទុករបស់ពិភពលោកនៃវិបត្តិជំងឺកូវីដ-១៩ អភិក្រម ពហុវិស័យ គោលនយោបាយ និងអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។
២៖ យន្តការរបស់អាស៊ី-អឺរ៉ុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
៣៖ កាលានុវត្ត ភាពសម្រាប់កិច្ចសហប្រតិបត្តិការ
៤៖ ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ឱសថក្លែងក្លាយ និង អន់គុណភាពជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៕