(កំពត)៖ នៅក្នុងពីធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថាន ដែលក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្ម និងការប្រគល់មុខងារគ្រប់គ្រប់ជូន ដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក សាយ សំអាល់ បានថ្លែងថា «យើងទាំងអស់ គ្នាត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អជាពិសេសក្នុងវិស័យបរិស្ថានត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង់សំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន ហើយពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអភិរក្សធនធានធម្មជាតិដែលយើងមានឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់ជំនាន់តទៅមុខទៀត»

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិនឹងត្រូវរៀបចំពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធចំនួន៤ខេត្តរួមមាន៖ ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកែប និងខេត្តតាកែវ។

នេះគឺជាលើកទី២ ហើយដែលក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលាថ្នាក់តំបន់លើកទី១ រៀបចំឡើងនៅខេត្តកំពង់ធំ។

សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងដោយក្រសួងបរិស្ថាន ក្នុងគោលបំណង ដើម្បីបំពាក់បំប៉នសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិអំពីបច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានដែលក្រសួងបានធ្វើប្រតិភូកម្ម និងប្រគល់មុខងារជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងរយៈពេល ៣ថ្ងៃនៃសិក្ខាសាលាថ្នាក់តំបន់នេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាននឹងធ្វើបង្ហាញជូនដល់មន្ត្រីថ្នាក់ក្រោមជាតិនូវទស្សនទាននៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលបច្ចេកទេសអនុវត្តមុខងារការអភិវឌ្ឍដោយចីរភាព មុខងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន ការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាននាពេលកន្លងមក និងការគិតគូរលើការបង្កើតសេដ្ឋកិច្ច មូលដ្ឋាន និងបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋ និងបង្កើនចំណូលសម្រាប់ពលរដ្ឋមូលដ្ឋាន តាមរយៈការ ជំរុញទេសចរណ៍ធម្មជាតិ ការជំរុញឱ្យមានការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលរបស់ប្រជាសហគមន៍ និងការពង្រឹងតួនាទីរបស់សហគមន៍ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃព្រៃឈើ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាទទួលប្រែក្លាយពីប្រទេសដែលគេចោទប្រកាន់ពីមុនថាជាប្រទេសកាប់ឈើ មកបច្ចុប្បន្ន ថាជាប្រទេសដែលការពារបានព្រៃឈើ និងទទួលបានជោគជ័យក្នុងការលក់ឥណទានកាបូន នៅលើទីផ្សារអន្តរជាតិ៕