(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងថា មានប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ត្រូវបានដកហូតបណ្ណក្រីក្រត្រឡប់មកវិញ បន្ទាប់ពីជីវភាពរបស់ពួកគេបានងើបផុតពីលក្ខខណ្ឌនៃភាពក្រីក្រ។

លោក វង សូត បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទព័ត៌មានបង្ហាញពីលទ្ធផលអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក វង សូត បានឱ្យដឹងថា ទន្ទឹមនឹងការតាមរកប្រជាពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់កំលុងការរាតត្បាតជំងឺកូវីដ១៩នេះ ក្រុមការងាររបស់ក្រសួងក៏បានរកឃើញប្រជាពលរដ្ឋដែលមានជីវភាពផុតពីលក្ខខណ្ឌនៃភាពក្រីក្រផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ចង់និយាយថា អ្នកដែលឆ្លងផុតបន្ទាត់ក្រីក្រមានន័យថា គាត់លែងគ្រប់លក្ខខណ្ឌក្រីក្រនេះទៀតហើយ។ កាលណាយើងពិនិត្យឃើញថា គាត់លែងគ្រប់លក្ខខណ្ឌ គាត់ឡើងផុតហើយ គឺយើងដកបណ្ណហ្នឹងត្រឡប់មកវិញ។ កន្លែងនេះយើងនៅតែបន្តអនុវត្តន៍ទាំងទទួលស្គាល់ថ្មី ទាំងដកបណ្ណចាស់ និយាយរួមអ្នកដែលគ្រប់លក្ខខណ្ឌបានយើងរក្សា បើអ្នកឆ្លងផុតពីលក្ខខណ្ឌហើយយើងដកបណ្ណហ្នឹងត្រឡប់មកវិញ»

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ ធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា ជនដែលទទួលបានបណ្ណសមធម៌ និងចាត់ទុកជាអ្នកក្រីក្រនេះ ត្រូវបានពិនិត្យ និងវាយតម្លៃទៅលក្ខខណ្ឌ៣ចំណុចសំខាន់ៗ រួមមាន៖ ស្ថានភាពផ្ទះសម្បែង សម្ភារប្រើប្រាស់ និងស្ថានភាពជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋទាំងនេះត្រូវបានមន្ត្រីចុះទៅសម្ភាសន៍ និងពិនិត្យជាក់ស្តែងតាមកន្លែងដែលពួកគាត់រស់នៅ។

សូមគូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលក្រីក្រី និងមានបណ្ណសមធម៌នេះ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលរយៈពេលប្រមាណ៤ខែហើយ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងបានឱ្យដឹងថា ដល់ខែកញ្ញា ពលរដ្ឋមានបណ្ណក្រីក្របានកើនឡើងដល់ប្រមាណជា ៧០ម៉ឺនគ្រួសារ ហើយរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣១លានដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់ពួកគេ៕