(សៀមរាប)៖ គណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំជាលើកដំបូង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នៅសាលប្រជុំសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏មានការចូលរួមពីឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការអន្តរក្រសួង, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មការ អន្តរក្រសួង, លោក អ៊ឹង ហឿង ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ ដឹកនាំ និងមន្រ្តីបច្ចេកទេសនិងមន្ត្រីអង្គភាពពាក់ព័ន្ធសរុប ១១១នាក់។

កិច្ចប្រជុំនេះបានសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចផ្តល់ថវិកាសម្រាប់ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ។

ក្រោយពីស្តាប់របាយការណ៍ស្តីពីផែនការមេ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងបទបង្ហាញស្តីពីនគរូបនីយកម្ម និងស្ថាបត្យកម្មផ្លូវក្រុងរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប ១០០គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយ ទៅជាទីក្រុងទេសចរណ៍ កម្រិតពិភពលោក ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាពមានជាអាទិ៍ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជន មានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួន និងដាំដើមឈើ។

គណៈកម្មការអន្តរក្រសួង បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ ចូលរួមសហការ ប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការ អនុវត្តគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅក្រុង សៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបាន ផ្លែផ្កាតាមការរំពឹងទុក៕