(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹកនៅទីស្តីការក្រសួង។

ជាកិច្ចស្វាគមន៍លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ ការលូតលាស់សេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះ ស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Pablo Kang បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។

ឯកអគ្គរាជទូត បានជម្រាបជូនរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលអូស្រ្តាលី ឯកអគ្គរាជទូត បានសន្យានឹងធ្វើការផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រងធនធានទឹក ដល់ក្រសួង ធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរ។

ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាននិងកំពុងជួយដល់កម្ពុជា លើគម្រោងរួមមាន៖

* ទី១៖ គម្រោង CAVAC ជំហាន ១ (2010-2015) បានអនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ
* ទី២៖ គម្រោង CAVAC ជំហាន ២ (2016-2021) កំពុងអនុវត្តនៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង៕