(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ជាមួយអនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស UNOHCHR លោកស្រី ខ្លាវឌៀ ដឺឡា ហ្វុនតេ, និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក ឯម ច័ន្ទមករា បានលើកឡើងថាវិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា រហូតដល់មានការទទួលស្គាល់និងអបអរសាទរយ៉ាងវិជ្ជមានពីបណ្តាប្រទេសជាហត្ថលេខា នៃអនុសញ្ញាអង្គការសហប្រជាជាតិ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបន្តទៀតថា បច្ចុប្បន្ននេះគ្រប់ក្រសួង ស្ថាប័នរដ្ឋ បានបន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២០ បើទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ក្តី។ គ្រប់រដ្ឋបាលរាជធានី-ខេត្ត បានបញ្ជៀបការយល់ដឹងអំពីវិស័យពិការ ដល់ថ្នាក់មូលដ្ឋានរបស់ខ្លួន និងបានបញ្ចូលការងារពិការភាពទៅក្នុងផែកការអភិវឌ្ឍរបស់ខ្លួនផងដែរ។ នេះបើតាមការឱ្យដឹងបន្ថែមពីលោក ឯម ច័ន្ទមករា។

លោកស្រី ខ្លាវឌៀ ដឺឡា ហ្វុនតេ អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានសម្តែងក្តីរីករាយដោយបានឃើញពីការវិឌ្ឍន៍វិជ្ជមាននៃវិស័យពិការភាពនៅកម្ពុជា។ លោកស្រី ខ្លាវឌៀ ក៏បានស្នើសុំការគាំទ្រពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លើគម្រោងកម្មវិធីថ្មីរួមគ្នារបស់អង្គការសហប្រជាជាតិ ដើម្បីបម្រើផលប្រយោជន៍ដល់ជនមានពិការភាពនៅកម្ពុជា។ អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា រូបនេះក៏បានបង្ហាឆន្ទៈជួយដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែលកំពុងធ្វើសេចក្តីព្រាងស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបញ្ជាក់ជំហរជួយដល់ដំណើរនៃការសរសេររបាយការណ៍ដំបូងស្តីពីការអនុវត្តសិទ្ធិជនមានពិការភាពងដែរ។

លោក ឯម ច័ន្ទមករា បានស្វាគមន៍ចំពោះសំណើររបស់ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីយកទៅពិចារណា និងបានចាត់ទុកថាចេតនានៃការបង្កើតកម្មវិធីថ្មីរួមគ្នារបស់គ្រួសារអង្គការសហប្រជាតិនេះ គឺជាការចូលរួមចំណែកមួយរួមគ្នាដោយភាពស្មោះត្រង់ដើម្បីឈានទៅសម្រេចឱ្យខាងតែបាននៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ក៏ដូចជាអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕