(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំងអធិការរងក្រុងប៉ោយប៉ែតចំនួន៨រូប។

មន្ត្រីនគរបាលទាំង៨រូប ដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចតែងតាំងនាពេលនេះរួមមាន៖

*ទី១៖ លោកវរសេនីយ៍ទោ វិជ្ជា វឌ្ឃនា
*ទី២៖ លោកវរសេនីយ៍ទោ តឹប ប៊ុនធឿន
*ទី៣៖ លោកវរសេនីយ៍ទោ នូ ឧត្ថា
*ទី៤៖ លោវរសេនីយ៍ទោ ទៀ ឆាយហាក់
*ទី៥៖ លោកវរសេនីយ៍ទោ ម៉ៅ ឈួន
*ទី៦៖ លោកវរសេនីយ៍ត្រី រ៉ែន សុភ័ក្រ
*ទី៧៖ លោកវរសេនីយ៍ត្រី ហេង សេងហុង
*ទី៨៖ លោកអនុសេនីយ៍ឯក ព្រហ្ម ឧត្តម។

ក្នុងពិធីប្រកាសតែងតាំងអធិការរងក្រុងប៉ោយប៉ែតចំនួន៨រូប លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ បានថ្លែងថា ក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងមន្ត្រីនគបាលទាំង៨រូប ជាអធិការរងក្រុង ប៉ោយប៉ែតនេះ មិនម៉ែនធ្លាក់ពីលើមេឃនោះទេ គឺជាមុខតំណែងបានដោយការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តរបស់មន្ត្រីនគរបាលទាំង៨រូបនេះពិតៗ ជាពិសេសការពារប្រជាពលរដ្ឋឱ្យរស់នៅ បានសេចក្តីសុខនៅតាមមូលដ្ឋានរបស់មន្ត្រីនគរបាលជាតិកន្លងមកផងដែរ។

ជាមួយគ្នានេះដែរ លោកលោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ក៏បានក្រើនរំឮកដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋាន ក្រុង ស្រុកឱ្យបានសេចក្តីសុខ។

លោកបានបញ្ជាក់ទៀតថា កម្លាំងនគរបាលទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជនចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ និងត្រូវអនុវត្តន៍បង្ការ បង្រ្កាប និងធ្វើការត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួនឱ្យជាប្រចាំ។

បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី អេង លីហួរ នគរបាលត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឱ្យបានល្អប្រសើររឿងផ្ទៃក្នុង របស់នគរបាលជាតិជារឿងសំខាន់ណាស់ផងដែរ៕