(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរដោយគណៈប្រតិភូ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនទូរស័ព្ទដៃ សែលកាត (Cellcard) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដើម្បីស្វែងយល់អំពីឌីជីថលនីយកម្ម និងពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G។

ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ១៩៩៦មកម្ល៉េះ។

ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ ភាគរយ ហើយបានវិវត្តន៍ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះ គឺឈានដល់បណ្តាញ 5G។

ដំណើរទស្សនកិច្ចនេះរួមមានការបង្ហាញយ៉ាងហ្មត់ចត់អំពីការត្រៀមខ្លួនរបស់ សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញតាំងពីខែតុលា ឆ្នាំ២០១៩ ហើយឥឡូវនេះឈានដល់ល្បឿនលឿនជាង ១,៨ជីហ្គាបីត ក្នុងមួយវិនាទីដែលជាល្បឿនខ្ពស់បំផុតដែលសម្រេចបាននៅកម្ពុជា។

បទបង្ហាញពិសេសមួយទៀតក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនវីង ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការធ្វើឌីជីថលនីយកម្ម និងវិវឌ្ឍកម្មនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងថា បណ្តាញ 5G នឹងក្លាយជាការឈានមុខគេមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួន ទទួលយកបច្ចេកវិទ្យា និងធានាថាវានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកយើងចង់ឱ្យកម្ពុជា ក្លាយជាគោលដៅបច្ចេកវិទ្យា 5Gដ៏លេចធ្លោបំផុតមួយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាជំរុញឱ្យក្រុមហ៊ុនខ្មែរទាំងតូចទាំងធំ ក្លាយជាក្រុមហ៊ុនដែលអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះដំបូងគេ»

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប នឹងដឹកនាំឌីជីថលរបស់កម្ពុជាក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០។

ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយគាំទ្រ ដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ៕