(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ និងដេប៉ូខ្សាច់ឲ្យស្តាប់តាមការណែនាំដែលបានដាក់ចេញកន្លងមក ដើម្បីរក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ និងតាមដងផ្លូវលេខ២១ ស្ថិតនៅស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលរងខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងវេទិកាសាធារណៈដើម្បីពិគ្រោះយោបល់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធការបូមខ្សាច់ សម្រួលចរន្តទឹក និងនាវាចរ ស្ថិតនៅតាមដងទន្លេបាសាក់ នៅក្រុងតាខ្មៅ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋខ្មែរជុំវិញបញ្ហាការបូមខ្សាច់នេះ អភិបាលរងខេត្ត នៃ ចារី បានសន្យាថា នឹងធ្វើតាមការសន្យា ហើយនឹងហៅក្រុមហ៊ុនខ្សាច់ទាំងនោះទៅអប់រំ និងចាត់មន្ត្រីក្រោមឱវាទឱ្យពិនិត្យមើល ដើម្បីការពារសុវត្ថិភាព និងមិនឲ្យមានការរំខានដល់ពលរដ្ឋនោះទេ។

លោក នៃ ចារី បានស្នើដល់ពលរដ្ឋទាំងអស់ សូមរាយការណ៍មកកាន់រដ្ឋបាលខេត្តកណ្ដាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីរាយការណ៍ព័ត៌មឆនពិតជុំការបង្កបញ្ហារំខានណាមួយពីសំណាក់ ក្រុមហ៊ុនទាំងនោះ ដើម្បីរដ្ឋបាលខេត្តនឹងចុះចាត់ការតាមច្បាប់ ដើម្បីរកសេចក្ដីសុខជូនពលរដ្ឋ៕