(សៀមរាប)៖ ក្រុមការងាររបស់គណៈកម្មការអន្តរក្រសួងដឹកនាំដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដែលការអនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា ១៥០លានដុល្លា សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ខ្សែ។

ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្លូវទាំងនេះ សូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។

ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។

អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតល្មួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាប ដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណមក៕