(កណ្ដាល)៖ ក្រោយទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងដឹកនាំដោយ លោក ថន រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកណ្ដាលស្ទឹង បានបើកប្រតិបត្តិការដេញតាមបង្ក្រាបភ្លាមៗ រហូតចាប់បានចោរឆក់យ៉ាងសកម្មទាំង ២នាក់បាននៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ថន រដ្ឋា បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅចំណុចភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯជនសង្ស័យទាំង២នាក់មានឈ្មោះ រិទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិវត្តស្លែង សង្កាត់ពងទឹក រាជធានីភ្នំពេញ (អ្នកបើកម៉ូតូធ្វើសកម្មភាព) និងឈ្មោះ ញ៉ែម បូរី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជនដៃដល់ធ្វើសកម្មភាពឆក់)។

បើតាមសមត្ថកិច្ច កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ រិទ្ធី បានជិះម៉ូតូទៅយកជនសង្ស័យឈ្មោះ បូរី ដើម្បីជិះធ្វើសកម្មភាពឆក់ លុះពេលទៅដល់ចំណុចផ្លូវលេខ ២០បេ ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ដោយដាក់កាបូបលុយ ព្យួរនៅកម៉ូតូក៏ធ្វើសកម្មភាពឆក់ កាបូបបានសម្រេចតែម្តង។

ក្រោយពេលទទួលបានព័ត៏មាន កម្លាំងអាវុធហត្ថ ស្រុកណ្ដាលស្ទឹង បានចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងដេញតាមដល់សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបកម្លាំងធ្វើការបង្ក្រាប បានជនសង្ស័យទាំង ២នាក់ខាងលើ និងដកហូតកាបូបលុយជនរងគ្រោះមកវិញ ឆែកឆេរលើដងខ្លួនឈ្មោះ ញ៉ែម បូរី រកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់ (០១កញ្ចប់មធ្យម ០១កញ្ចប់តូច) បានដកហូត និងឃាត់ខ្លួនយកទៅមូលដ្ឋានអាវុធហត្ថស្រុកណ្ដាលស្ទឹង ដើម្បីបន្តតាមនីតិវិធីច្បាប់៕