(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនកុះកមកពីទីជិតទីឆ្ងាយបានចូលមកទស្សនាកម្សាន្តនៅទីធ្លាវិមាន «ឈ្នះ-ឈ្នះ» ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ខាងកើតស្ពានព្រែកព្នៅ) ដោយពួកគាត់ម្នាក់ៗបានវាចារបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះរតនវិមានដ៏ធំខ្ពស់ស្កឹមស្កៃនេះ។

សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះមានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

វិមាននេះក៏បង្ហាញពីការជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។

អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕

សូមទស្សនាវីដេអូ «សំឡេងផ្ទាល់ចេញពីបេះដូងពិតរបស់ប្រជាជនចំពោះវិមានឈ្នះ-ឈ្នះ»៖