(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងគ្រប់សមត្ថកិច្ច មន្ទីរពាក់ព័ន្ធ រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០ នាក់ ដែលបានជាប់នៅលើកោះមួយចំនួន ដោយសារឥទ្ធិពលព្យុះនូល (Noul) ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀរទេសចរ ដែលទៅកម្សាន្តនៅគោលដៅទេសចរណ៍ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕