(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាចោរលួចគាស់ដោះយកម៉ាស៉ីនត្រជាក់ដ៏សកម្ម ខណៈដែលរូបគេកំពុងលួចគាស់យកម៉ាស៉ីនត្រជាក់តាមផ្ទះរបស់ប្រជាពលរដ្ឋ (នៅពេលម្ចាស់អត់នៅ) ត្រង់ភូមិសាស្ត្រភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យនេះមានឈ្មោះ សឿន សារ៉ាត់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាអ្នករត់ម៉ូតូកងបីនៅក្រុងព្រះសីហនុ។

ការឃាត់ខ្លួននេះធ្វើឡើងនាវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ កំពុងជិះល្បាតតាមដងផ្លូវនៅក្នុងក្រុង ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ។

នៅពេលដែលកម្លាំងសមត្ថកិច្ចជិះល្បាតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើនោះ កំពុងធ្វើសកម្មភាពលួចដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បម្រុងលើកដាក់លើម៉ូតូកង់បី។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្ភារមួយចំនួន ដែលជាឧបករណ៍សម្រាប់កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់។

បន្ទាប់ពីសាកសួរជនសង្ស័យរួចហើយ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញម៉ាស៉ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀត ដែលជនសង្ស័យរូបនេះបានលួចនាពេលកន្លងមក។

វត្ថុតាងដែលសមត្ថកិច្ចប្រមូលបាន រួមមាន៖ ដែកគាស់ ១ដើម ទល់រឺវីស ១ដើម ដង្កាប់ ១ កន្ទ្រៃ ១ សោ ៣ដើម តេឡេម៉ាស៉ីនត្រជាក់ ៥គ្រឿង ក្បាលម៉ាស៉ីនត្រជាក់ ៥គ្រឿង កន្ទុយម៉ាស៉ីនត្រជាក់ ១២គ្រឿង ម៉ូទ័របូមទឹក ១គ្រឿង ម៉ូតូកង់បី ១គ្រឿង៕