(ប៉ៃលិន)៖ ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀត បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ហើយចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឱ្យលង់ស្លាប់បាត់បង់ជីវិត ហើយមកទល់រសៀលថ្ងៃទី២០ ខែកញ្ញានេះ សាកសពមិនទាន់រកឃើញនៅឡើយទេ។

លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតទ្បើងនាវេលាម៉ោង ៥៖៥០នាទី ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុលសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។

លោក សេង សុគន្ធ បានបន្តថា ពលករឆ្លងដែនទាំងនោះមានគ្នា ៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវស្លាប់ដោយសារលង់ទឹកអូរនោះទៅ។

ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកសាកសពស្ត្រីរងគ្រោះខាងលើ។

បើតាមការឲ្យដឹងពីលោក សេង សុគន្ធ ស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។

បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តខិតខំស្វែងរកយ៉ាងសស្រាក់សស្រាំ ទោះបីនៅក្រោមអាកាសធាតុភ្លៀងផង ខ្យល់ផងយ៉ាងណាក៏ដោយ៕