(ភ្នំពេញ)៖ ជនសង្ស័យដែលបន្លំធ្វើម្ចាស់ផ្ទះសំណាក់ ចូលលួចរថយន្ដរបស់ភ្ញៀវក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតនៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ មានករណីបន្លំយករថយន្តមួយគ្រឿង ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ហើយបានទៅគោះទ្វារយកសោរឡានថា យកមករៀបចំហើយក៏យកទៅបាត់តែម្ដងទៅ លុះដល់វេលាម៉ោង១១៖១០នាទីយប់ ទើបដឹងហើយម្ចាស់រថយន្តបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕