(ភ្នំពេញ)៖ គេតែងតែឮថា ពេលវេលា! គឺជាមាសប្រាក់! ប៉ុន្តែធាតុពិតពេលវេលា! ក៏ជាអ្នកដែលបញ្ជាក់ប្រាប់មនុស្សឲ្យយល់ពីមូលហេតុដែលមិនយល់ពីមុនមកផងដែរ។

ជាង១៥ឆ្នាំមុន ប្រជាជនចិនជាច្រើនមិនយល់ថា ហេតុអ្វីបានជារដ្ឋាភិបាលខ្លួន មិនអនុញ្ញាតឲ្យលេង Facebook និង Messenger ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក ឬបច្ចិមប្រទេសនោះទេ។

ថ្មីៗនេះ ប្រជាជនចិនបានដឹងអំពីមូលហេតុនេះហើយ! គឺដឹងតាមរយៈការពន្យល់ទៅប្រជាជនចិនដោយរដ្ឋបាលអាមេរិកផ្ទាល់តែម្ដង។

ពេលដែលសហរដ្ឋអាមេរិកបញ្ចេញហេតុផលក្នុងការបិទ Tiktok និង WeChat កាន់តែច្រើន គឺកាន់តែជួយបង្រៀនប្រជាជនចិន ឲ្យកាន់តែយល់ច្បាស់ពីហេតុផលក្នុងការបិទ Facebook និង App ដទៃផ្សេងទៀតនៅប្រទេសចិន នាពេលកន្លងមក! ជាង ៣០ឆ្នាំមកនេះ មនុស្សភាគច្រើនមិនបានដឹងអំពីការឆ្លៀតប្រើប្រាស់តួនាទីរបស់ NGOs បរទេស ឬតួនាទីសារព័ត៌មានបរទេសដោយខុសច្បាប់ ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមួយនោះទេ ជាពិសេសពេលមានការឃោសនាបោះឆ្នោតម្តងៗ!

ចុងក្រោយនេះ ប្រទេសនានាបានយល់ហើយថា បរទេសអាចប្រើប្រាស់តួនាទី NGO និងភ្នាក់ងារសារព័ត៌មាន ដោយខុសច្បាប់ក្នុងការលូកចូលកិច្ចការផ្ទៃក្នុងប្រទេសមួយ ឬចង់ធ្វើឲ្យមានភាពវឹកវរក្នុងប្រទេសមួយ។ ដឹងគឺដោយសារការស៊ើបអង្កេតរបស់សភាសហរដ្ឋអាមេរិក និងអង់គ្លេស ក៏ដូចជាសហភាពអ៊ឺរ៉ុប លើសហគមន៍រុស្សី និងបណ្តាញសារព័ត៌មានរុស្សី និងចិន ដោយបានចោទអ្នកទាំងនោះថា បានលូកចូលកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក អង់គ្លេស និង EU!

ពេលវេលា! គឺជាកញ្ចក់បង្ហាញរូបរាង ឬពុតត្បុតពិតនៃមនុស្សដែលបង្កើត NGOs ឬប៉ុនប៉ងធ្វើអ្វីមួយ។ សង្ឃឹមថាយុវជន និងប្រជាពលរដ្ឋខ្មែរអាចងាកក្រោយ ហើយប្រើពេលវេលាកន្លងទៅជាកញ្ចក់ឆ្លុះមើលព្រឹត្តិការណ៍ និងសកម្មភាពរបស់ NGO និងបណ្តាញសារព័ត៌មានរបស់បរទេសនៅលើទឹកដីយើងឡើងវិញ៕

ដោយ៖ ភ្នំប្រុស