(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អញ្ជើញឆ្លងបុណ្យភ្ជុំ ឬភ្ជុំធំ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (នៅជិតផ្សារឧត្ដុង្គ)។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំដែលគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជូនព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃកន្លងទៅនេះ បើទោះបីមិនបានអញ្ជើញទៅកាន់ទីអារាមដោយផ្ទាល់ក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរៀបចំចាត់ចែងចង្ហាន់ និងទេយ្យទាន ដើម្បីចូលរួមកាន់បិណ្ឌនៅតាមទីអារាមនានាផងដែរ។

ដោយឡែកសម្រាប់វត្តវាំងចាស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តែងតែបានអញ្ជើញទៅឆ្លងបុណ្យភ្ជុំ ឬចូលរួមបុណ្យភ្ជុំធំ ស្ទើរតែរៀងរាល់ឆ្នាំ។

ដូចនឹងឆ្នាំកន្លងទៅដែរសម្រាប់ការអញ្ជើញទៅឆ្លងបុណ្យភ្ជុំនៅថ្ងៃនៅវត្តវាំងចាស់នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាននាំយកនូវចតុបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ។ ជាពិសេសឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងឧទ្ទិសចំពោះវិញ្ញាណនក្ខ័ន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។

ក្រៅតែពីឧទ្ទិសកុដលដល់បុព្វការីជនហើយនោះ តាមរយៈមនុញ្ញផល កុសលផលបុណ្យកើតចេញពីសទ្ធាជ្រះថ្លានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិកផងដែរ។

សូមបញ្ជាក់ថា ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរម រាជវាំង របស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញចាប់ពីឆ្នាំ១៩៩៦មក។ ការកសាងវត្តនេះឡើងវិញ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងដើម្បីរក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ សម្រាប់ការ សិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។

វត្តវាំងចាស់ មាននាមដើមថា វត្តហរិរក្សរាជិនី។ ចំណេរក្រោយមកវត្តនេះ ត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬវត្តវាំងចាស់តរៀងមក។ នាសម័យដើម វត្តនេះមានភាពរុងរឿង ជាវត្ដសំបូរទៅដោយគម្ពីរដីកា ភាសាបាលី និងសំរាយ។ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ។ ប៉ុន្ដែវត្ថុបុរាណ និងសមិទ្ធផលទាំងឡាយនៅក្នុងទីអារាមនេះ ត្រូវបានបាត់បង់ អន្ដរាយអស់ ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរ បានដំណើរការឡើងវិញ។ ប៉ុន្តែដំបូងនោះ មានតែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បានដឹកនាំកសាងទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ បានរីកចម្រើនគួរឲ្យកត់សំគាល់។

សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងនៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧបដ្ឋានសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រមទាំងផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

បច្ចុប្បន្នវត្តនេះត្រូវបានក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍រៀបចំជាទីអារាមទេសចរណ៍គំរូមួយផងដែរ៕