(ភ្នំពេញ)៖ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់នៅឡើយទេ។ តាមពិតការរាតត្បាតនេះកំពុងតែបង្កើនល្បឿន ហើយវត្តមានជំងឺកូវីដ-១៩ នៅទីណាក៏ដោយ នឹងបង្កហានិភ័យទៅដល់គ្រប់ទីកន្លែង រួមទាំងនៅកម្ពុជាផងដែរ។

ក្នុងរយៈពេលតែ៦ខែ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩នៅទូទាំងពិភពលោក បានឡើងដល់១០លានករណី ហើយក្រោយមកតែមួយខែកន្លះប៉ុណ្ណោះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ បានកើនឡើងទ្វេរដងដល់២០លានករណី។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ ជាង២៩លានករណី រួមទាំងករណីស្លាប់ជាង៩២ម៉ឺនករណី ត្រូវបានរាយការណ៍មកអង្គការសុខភាពពិភពលោក។

មកដល់ពេលនេះ ប្រទេសកម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២៧៥ករណី ដែលក្នុងនោះជាង៨៥ភាគរយជាករណីនាំចូល ហើយពុំមានករណីស្លាប់នោះទេ។

នៅជុំវិញពិភពលោក ប្រទេសមួយចំនួនមានការផ្ទុះនូវជំងឺកូវីដ-១៩ជាបន្តបន្ទាប់ហើយកើតឡើងក្នុងរយៈពេលរាប់ខែ ខណៈប្រទេសមួយចំនួនទៀត បានទប់ស្កាត់ការឆ្លងឲ្យនៅកម្រិតទាបមួយ ប៉ុន្តែបែរជាត្រូវមានការផ្ទុះឡើងសារជាថ្មីនៃជំងឺកូវីដ-១៩ រួមទាំងប្រទេសមួយចំនួននៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ដែលជាតំបន់គ្របដណ្តប់ប្រទេសកម្ពុជាផងនោះ។

ប្រទេសកម្ពុជាមានភ័ព្វសំណាង ដោយសារមានប្រមុខដឹកនាំរដ្ឋាភិបាលខ្លាំងពូកែ រួមទាំងការឆ្លើយតបផែ្នកសុខភាពសាធារណៈបានឆាប់រហ័ស មានការចូលរួមរបស់ប្រជាជនក្នុងការអនុវត្តវិធានការការពារ និងសហប្រតិបតិ្តការអន្តរជាតិរឹងមាំ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាមិនទាន់មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅឡើយ។ នេះមិនមានន័យថាប្រទេសកម្ពុជាបានរួចផុតពីការឆ្លងរាលដាលដោយមិនមានការខូចខាតអី្វនោះទេ។ មានប្រជាជនជាច្រើនដែលបានរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប៉ុន្តែទោះជាយ៉ាងណា ការរួចផុតពេលនេះគឺជារឿងដ៏ល្អមួយ។ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំណាមួយ អាចនាំឲ្យមានផលប៉ះពាល់ផែ្នកសុខភាព សង្គម និងសេដ្ឋកិច្ច ធ្ងន់ធ្ងរជាងនេះ។

ហេតុដូច្នេះហើយបានជាយើងមិនអាចព្រងើយកន្តើយ និងខ្វះការប្រុងប្រយ័ត្ននោះទេ។ ការព្រងើយកន្តើយគឺជាគ្រោះថ្នាក់។

រយះពេលជាង៧ខែ ចាប់តាំងពីប្រទេសកម្ពុជាបានរកឃើញ និងឆ្លើយតបនឹងករណីវិជ្ជមានវីរុសកូវីដ-១៩ដំបូងមក យើងបានយល់ដឹងច្រើនអំពីវីរុសនេះ។ យើងមានសមត្ថភាពប្រសើរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ វិធានការ និងមធ្យោបាយដោះស្រាយចាំបាច់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងដើម្បីជួយសង្គ្រោះជីវិត គឺនៅដូចមុនដដែល រួមមានការស្វែងរកករណី ដាក់ឲ្យនៅដោយឡែក តេស្តរកមេរោគ និងព្យាបាលសម្រាប់ករណីវិជ្ជមាន ព្រមទាំងតាមរក និងដាក់អ្នកដែលប៉ះពាល់ទាំងអស់ឲ្យធ្វើចត្តាឡីស័ក។ ហើយមិនខុសពីកាលពីដំណាក់កាលដំបូងនៃការរាតត្បាតជំងឺកូវីដ-១៩នោះទេ យើងរាល់គ្នាមានតួនាទីចូលរួមទប់ស្កាត់ទាំងអស់គ្នា។ សុខមាលភាពសហគមន៍យើង គឺអាស្រ័យលើការចូលរួមចំណែក និងសកម្មភាពរបស់បុគ្គលគ្រប់ៗរូប។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំបានចូលរួមជាមួយក្រសួងសុខាភិបាលក្នុងទស្សនកិច្ចទៅកាន់ខេត្តចំនួន១២ ដើម្បីជួយផ្តល់យោបល់ និងគំាទ្រដល់ការត្រៀមបង្ការ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ ខ្ញុំបានជួបជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បុគ្គលិកសុខាភិបាល អ្នកដឹកនាំសហគមន៍ដែលមានរួមទាំងតំណាងសាសនា ព្រះចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលដ្ឋផងដែរ។ ខ្ញុំចាប់អារម្មណ៍ចំពោះវឌ្ឍនភាព និងសមិទ្ធិផលដ៏អស្ចារ្យដែលសម្រេចបាន។ មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅថ្នាក់មូលដ្ឋាន មានទំនុកចិត្តលើខ្លួនឯងជាងមុននៅក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ក្រោយពីទទួលបានការបណ្តុះបណ្តាល អំពីរបៀបឆ្លើយតបជាក់ស្តែង ហើយចំពោះបុគ្គលិកសុខាភិបាលវិញនោះពួកគាត់មានភាពជឿជាក់ជាងមុន បន្ទាប់ពីពួកគាត់ទទួលបានការបណ្តុះបណ្តាល ព្រមទាំងទទួលបានសម្ភារៈនិងឧបករណ៍ការពារខ្លួន។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលខ្ញុំបានសាកសួរ បានប្រាប់ខ្ញុំពីការព្រួយបារម្ភរបស់ពួកគាត់ថាមានពលរដ្ឋជាច្រើនកំពុងតែធ្វើហាក់ដូចជាអត់មានវីរុសកូវីដ-១៩ទាល់តែសោះ។ ការព្រងើយកន្តើយរបស់សាធារណជនចំពោះវិធានការសុខាភិបាល គឺជាបញ្ហាធំមួយ។ ការអនុវត្តគោលនយោបាយ និងគោលការណែនាំជាតិ នៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព នៅតែជាបញ្ហាប្រឈមមួយ។ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាលដឹងថាជំងឺកូវីដ-១៩ អាចត្រលប់មកវិញគ្រប់ពេល។

ហេតុការណ៍ដែលកើតឡើងក្នុងប្រទេសមួយចំនួនក្នុងតំបន់ជិតខាងប្រទេសកម្ពុជា បានផ្តល់ជាសាររំលឹកបន្ទាន់មួយថាជំងឺកូវីដ-១៩ នៅតែជាការគម្រាមកំហែងផ្នែកសុខភាពមួយ។ ថ្មីៗនេះ មានប្រទេសជាច្រើននៅតំបន់ប៉ាស៊ីហិ្វកខាងលិច បានជួបប្រទះនូវករណីផ្ទុះឡើងវិញសារជាថ្មីក្នុងនោះមានប្រទេសអូស្រ្តាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ និងវៀតណាម។ ជាឧទាហរណ៍ ក្រោយពីមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ រយៈពេល៩៩ថ្ងៃ ប្រទេសវៀតណាម បានរាយការណ៍ថាចាប់តាំងពីថ្ងៃទី២៥ខែ កក្កដាមក វៀតណាមមានករណីថ្មីចំនួន៥៥០ ដែលជាករណីឆ្លងក្នុងសហគមន៍។ គួរឲ្យសោកស្តាយ មនុស្សចំនួន៣៥នាក់បានស្លាប់។

នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកភាគខាងលិច បានមានប្រសាសន៍ថា សព្វថ្ងៃនេះយើងបានឈានចូលដល់ដំណាក់កាលថ្មីមួយ នៃការរាតត្បាតរបស់ជំងឺកូវីដ-១៩នៅក្នុងតំបន់អាស៊ីប៉ាស៊ីហិ្វក។ នៅក្នុងដំណាក់កាលនេះ ដរាបណាវីរុសនៅតែបន្តរាលដាល ហើយដរាបណាប្រជាជនមិនទាន់មានប្រព័ន្ធស៊ាំនឹងមេរោគ យើងត្រូវរស់នៅតាមគន្លងបែបថ្មីមួយដែលអាចជួយការពារផ្នែកសុខភាពសាធារណៈ និងដែលអនុញ្ញាតឲ្យសង្គមព្រមទាំងសេដ្ឋកិច្ចរើបឡើងវិញ ហើយវិលទៅរកសភាពធម្មតាវិញខ្លះ។

ការបិទប្រទេស ឬទីក្រុងទ្រង់ទ្រាយធំណាមួយ នឹងបណ្តាលឲ្យមានផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ចធ្ងន់ធ្ងរ។ ដើម្បីអាចជៀសវាងផលប៉ះពាល់ទាំងនេះបាន កម្ពុជាគប្បីបន្តផ្តោតទៅលើការការពារ ការស្វែងរក និងឆ្លើយតបអោយបានឆាប់រហ័ស ការត្រៀមបង្ការប្រកបដោយប្រសិទ្ធភាពនៅក្នុងការបញ្ឈប់ ឬក៏កាត់បន្ថយការឆ្លងក្នុងស្រុក។ យើងត្រូវតែការពារក្រុមប្រជាជនងាយរងគ្រោះ វិនិយោគបន្ថែមទៀតទៅលើការត្រៀមបង្ការសម្រាប់ការរាតត្បាតជាសកល ព្រមទាំងកែប្រែប្រព័ន្ធសុខាភិបាលឲ្យប្រសើរឡើងសម្រាប់ពេលអនាគត។

ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនមែនជាការរាតត្បាតលើកទី១ទេ ហើយក៏នឹងមិនមែនជាការរាតត្បាតលើកចុងក្រោយដែរ។ រាល់វិបត្តិណាមួយតែងតែជាឱកាសមួយ សម្រាប់ការផ្លាស់ប្តូរដើម្បីអនាគតប្រសើរឡើង។ រាជរដ្ឋាភិបាល វិស័យឯកជន សហគមន៍សាសនា និងបុគ្គលម្នាក់ៗ មានតួនាទីសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្នុងការកសាងអនាគតមួយដែលប្រសើរជាងមុន ហើយនិង មានសុខសុវត្ថិភាពល្អជាងមុន។

សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នេះមានន័យថាជាការទទួលយកភារកិច្ចបន្តការពារខ្លួនអ្នក ការពារគ្រួសារ និងសហគមន៍អ្នកដោយបន្តអនុវត្តវិធានការការពារសំខាន់ៗតទៅទៀត។ បន្តរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ លាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ចៀសវាងកន្លែងទាំងបីនេះ (កន្លែងមានមនុស្សអ៊ូអរ កន្លែងមនុស្សនៅជិតគ្នា និងកន្លែងបិទជិត) ព្រមទាំងពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវនៅតាមទីកន្លែងដែលតម្រូវឲ្យពាក់ជាចាំបាច់។ អនុវត្តតាមគោលការណ៍ណែនាំឲ្យធ្វើចត្តាឡីស័ក និងឲ្យនៅដាច់ដោយឡែករបស់រាជរដ្ឋាភិបាល។ ពិគ្រោះជាមួយគ្រូពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យណាមួយនៃជំងឺកូវីដ-១៩។

ក្នុងអំឡុងពេលពិធីបុណ្យដូចជាបុណ្យភ្ជុំបិណ្ឌជាដើម វាមានសារៈសំខាន់ណាស់ដែលអ្នកមើលការខុសត្រូវទីកន្លែងពិធីសាសនា និងព្រឹត្តិការណ៍វប្បធម៌នានា ត្រូវធានាឲ្យបានថាការរក្សាគម្លាតសុវត្ថិភាព ការអនាម័យដៃ និងការពាក់ម៉ាស់ ត្រូវបានអនុវត្តតាមបានត្រឹមត្រូវ។ យើងទាំងអស់គ្នាត្រូវតែចូលរួមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ និងការពារការចម្លងវីរុសនេះទៅសហគមន៍។

យើងទាំងអស់គ្នាត្រូវបំពេញករណីយកិច្ចរបស់យើងដើម្បី៖

* ប្រុងប្រយ័ត្នខ្លួន។ កម្ពុជាអាចនឹងមានការកើតឡើងនូវជំងឺកូវីដ-១៩ សារជាថ្មីទៀតគ្រប់ពេល។ អ្នកតំណាងសាសនា គណៈកម្មការវត្តអារាម និងសមាជិកសហគមន៍មូលដ្ឋាន ត្រូវតែបន្តប្រុងប្រយ័ត្នជានិច្ច។
* ត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតប។ បុគ្គលគ្រប់រូប ត្រូវត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងជំងឺ កូវីដ-១៩។ ការត្រៀមខ្លួនបានល្អតែងតែនាំឲ្យមានលទ្ធផលល្អប្រសើរ។
* ជាអ្នកជ្រោមជ្រែងឲ្យមានការផ្លាស់ប្តូរតាមគន្លងបែបថ្មីមួយ។ បុគ្គលគ្រប់រូប ត្រូវជ្រោមជ្រែងរបៀបថ្មីនៃការរស់នៅនិងចូលរួមអនុវត្តវិធានការសុខភាពសាធារណៈ ដាក់ចេញដោយរដ្ឋាភិបាល។ ត្រឹមតែការដាក់ចេញនូវវិធានការការពារនៅមិនទាន់គ្រប់គ្រាន់ទេ។ ការអនុវត្តនូវវិធានការទាំងនោះទើបជាគន្លឹះទៅរកភាពជោគជ័យ។

ការរាតត្បាតនៃជំងឺកូវីដ-១៩នៅមិនទាន់ចប់នៅឡើយទេ។ យើងត្រូវរស់នៅជាមួយនឹងវីរុសនេះមួយរយៈពេលទៀត។ វីរុសកូវីដ-១៩ ទន្ទឹងរង់ចាំឲ្យតែយើងខ្វះការប្រុងប្រយ័ត្ននឹង អាលវាយប្រហារយើង។ យើងទាំងអស់គ្នាត្រូវតែធ្វើនូវអ្វីៗដែលយើងអាចធ្វើបាន ដើម្បីការពារ និងបញ្ឈប់ការរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា
ផ្ញើមកកាន់ Fresh News ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០.