(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះថា ព្រះសង្ឃ២៦អង្គ នៅខេត្តបន្ទាយមានជ័យ មិនមានវីរុសកូវីដ១៩ នោះទេ ប៉ុន្តែមានវីរុសគ្រុនផ្តាសាយធំ ដែលលទ្ធផលវិភាគបានបង្ហាញនៅថ្ងៃនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ការវិភាគវត្ថុសំណាករបស់ព្រះសង្ឃដែលព្រះឈួននៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណ: គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ និង មាន វិជ្ជមានវីរុសគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា " Influenza A"។ ដូច្នេះករណីព្រះសង្ឍអាពាធចំនួន ២៦អង្គ នៅខេត្តបន្ទាយមានជ័យនោះ គឺជាករណីជំងឺគ្រុនផ្តាសាយធំ»។

ឆ្លៀតឱកាសនេះ លោកស្រី បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធិបរស័ទ្ធ លោកតាអាចារ្យ លោកតា-លោកយាយជី និងគណកម្មការវត្ត នៅទូទាំងប្រទេស ចូលរួមអនុវត្តវិធានការសាមញ្ញៗ ដូចខាងក្រោមនេះ៖

* ត្រូវមានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
* ប្រេីម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឬកន្លែងដែលមានមនុស្សម្នាច្រេីន ហេីយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់នុងច្រមុះ ដោយប្រេីកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃ ជាដេីម។
* ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡេីងទៅ
* ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបេីបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ឬមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។
* ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។
* បេីមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយនោះឡេីយ ដោយត្រូវស្នាក់ក្នុងកុដិ ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
* រាយការណ៌ទៅលេខ ១១៥ (មិនមានថវិកាក៏អាចហៅចូលបានដែរ) ឬទៅមន្ទីរសុខាភិបាលខេត្ត ឬទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

លោកស្រីក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតនូវជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយធំនេះ និងសូមរីករាយក្នុងក្រុមគ្រួសារ និងអនុមោទនាទទួលផលបុណ្យក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានគ្រប់ៗគ្នា៕