(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្រសួងសេដ្ឋកិច្ចអាមេរិក បានដកស្រង់សម្តីរបស់លោកទៅសរសេរបំភ្លៃខុសពីការពិតទាំងស្រុង ហើយលោកស្នើឲ្យស្ថាប័ននេះ ពិនិត្យខ្លឹមសារឡើងវិញផងដែរ។

ថ្លែងតាមរយៈ Facebook របស់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោក ផៃ ស៉ីផាន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលការសរសេរក្នុងខ្លឹមសារ របស់ក្រសួងសេដ្ឋកិច្ចអាមេរិកប្រឌិតបែបនេះ ហើយលោកចាត់ទុកថា ទង្វើនេះធ្វើឲ្យប៉ះពាល់កិត្តិយសលោក ដែលជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទៀតផង។

លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គួរសោកស្ដាយ នូវរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់តាមរយៈអង្គហេតុ នៃរបាយការណ៍របស់ខ្លួន គឺប្រាសចាកពីការពិតទាំងស្រុង។ ជាពិសេសពាក់ព័ន្ធនឹងពាក្យសម្តីរបស់ខ្ញុំផ្ទាល់ ដែលនិយាយថា «រមណីយដ្ឋានរបស់គីរីសាគរ ដែលអាចកំលាយទៅជាមូលដ្ឋានទ័ពបរទេស គឺជាព័ត៌មានប្រឌិត» ដែលខ្ញុំពុំអាចទទួលយកបាននោះទេ»

លោកបន្តថា «អាស្រ័យហេតុនេះ ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក គួរតែពិនិត្យមើលសារជាថ្មីម្តងទៀត នៃអង្គហេតុនូវការចោទប្រកាន់របស់ខ្លួន ដែលពាក់ព័ន្ធនឹងកិតិ្តយសរបស់ខ្ញុំផ្ទាល់ និងការពិត»

ក្រសួងសេដ្ឋកិច្ចអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងការព្រមានដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ជំទាស់ និងថ្កោលទោសចំពោះវិធានការរបស់ សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group របស់ចិន ដែលកំពុងវិនិយោគនៅក្នុងទឹកដីប្រទេសកម្ពុជា។ ស្ថានទូតចិនបានចាត់ទុកថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុង លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ៕