(កំពង់ឆ្នាំង)៖ ជនសង្ស័យ២នាក់ ដែលបានឆបោកម៉ូតូ២គ្រឿង ពីខេត្តបាត់ដំបង ដាក់តាមរថយន្តក្រុង ឆ្លងកាត់ផ្លូវជាតិលេខ៥ សំដៅមករាជធានីភ្នំពេញ ត្រូវបានសមត្ថិច្ចខេត្តបាត់ដំបង បានសហការជាមួយ សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ករណីឆបោកយកម៉ូតូខាងលើនេះ បានកើតឡើងនៅចំណុចផ្សារទំនើបភូពុយ ភូមិអញ្ចាញ សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង និងចំណុចក្រុមទី១៧ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ។ ជនរងគ្រោះមានឈ្មោះ ប៊ិន រ៉ាត់ ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ សេក វណ្ណា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

បន្ទាប់ពីមានការសហការរវាងនគរបាលខេត្តបាត់ដំបង ជាមួយនឹងនគរបាលខេត្តកំពង់ឆ្នាំង ជនសង្ស័យ និងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃកើតហេតុផងដែរ។

ក្រោយពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានកសាងឯកសារ និងសំណុំរឿងរួចរាល់ហើយ សមត្ថកិច្ចក៏បានប្រគល់ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕