(តាកែវ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងឧត្តមស្វាមី តំណាងរាស្ត្រ ម៉ា ឈឿន ព្រមទាំងក្រុមគ្រួសារ បានប្រគេនទេយ្យទានដល់វត្តចំនួន៥ រួមមាន៖ វត្តអង្គត្នោត,វ ត្តអង្គខ្ជាយ,វត្តគូស, វត្តស្រែននោង, វត្តក្រាំងតាចាន់ ក្នុងឱកាសកាន់បិណ្ឌ១៤ ដែលប្រារព្ធឡើងនៅ សាលាបុណ្យចេតិយប្រាង្គ ស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី១៤នេះ ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះ គឺមានពុទ្ធបរិស័ទជាច្រើនចូលរួមដោយក្ដីសប្បាយរីករាយ និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលមាន មាតា, បិតា ព្រមទាំងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តាន។

ទន្ទឹមនឹងនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានបួងសួងឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ក្នុងវេនកាន់បិណ្ឌនេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងគ្រួសារ បាននាំយកនូវទេយ្យទាន ចំនួន១១មុខ មានជា អង្ករ ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោខាប់ ស្ករស កាកាវ តែ ត្រីខ មី ផ្លែឈើ នំ និងសៀវភៅផងដែត។ ជាពិសេស ក៏មាននូវអាល់កុល ម៉ាស ដើម្បីការពារទប់ស្កាត់ការីករាលដាលពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗផងដែរ ។

ព្រមជាមួយគ្នានោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ព្រះសង្ឃ។ រីឯសម្រាប់យាយជី តាជី ក៏ទទួលបានក្រណាត់សម្នាក់១ដុំ និងថវិកាមួយចំនួន។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕