(សៀមរាប)៖ លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរ និងហ័ងសាន។

កិច្ចសហប្រតិបត្តិការនេះបានចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរបានសម្តែងការសោកស្តាយ ព្រោះជំងឺកូវីដ១៩ មិនអាចចុះអនុស្សរណៈដោយផ្ទាល់ ពុំបានរៀបចំការតាំងពិព័រណ៍រូបថតទេសភាព និងទស្សនកិច្ចជាក្រុមដូចឆ្នាំ២០១៥។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរា និងភាគីចិនបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនិងជឿជាក់ថា ការរីករាលដាលនៃជំងឺសាកលនឹងគ្រប់គ្រងបានល្អ ដោយការខិតខំរួមគ្នា ហើយឆ្លងផុតវិបត្តិក្នុងវិស័យទេសចរណ៍វិលមករកភាពធម្មតាវិញ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍អង្គរ-ហ័ងសាន រួមគ្នាយ៉ាងជិតស្និទ្ធម្តងទៀត៕