(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌទី១៣ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកអាជ្ញាធរមីន បានចូលរួមជាមួយស្ថានទូតអូស្រ្តាលីរាជធានីភ្នំពេញ ដឹកនាំដោយលោក Luke Lazarus Arnold ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងដោយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានរៀបចំធ្វើបុណ្យឧទ្ទិសកុលស និងគោរពវិញ្ញាណក្ខ ន្ធដល់អ្នកត្រូវបានគេសម្លាប់ក្នុងរបបខ្មែរក្រហម នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

លោក Luke Arnold បានសម្តែងនូវការសោកស្តាយ ចំពោះការសម្លាប់និងបាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ក្នុងរបបខ្មែរក្រហមដោយពុំមានសមាជិកគ្រួសារណាម្នាក់ បានធ្វើបុណ្យឧទ្ទិសអធិដ្ឋានដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងនោះឡើយ។ លោកបានបន្តទៀតថា ទើបថ្ងៃនេះ ក្រុមមន្រ្តីស្ថានទូតអូស្រ្តាលី បាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុលសផលបុណ្យ ដល់ព្រលឹងជនរងគ្រោះទាំងនោះផ្ទាល់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

តំណាងស្ថានទូតអូស្រ្តាលី បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងអរគុណដល់បុគ្គលិកសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលបានអនុញ្ញាតអោយមន្រ្តីស្ថានទូត មកប្រារព្ធពិធីឧទ្ទិសនាឱកាសបុណ្យកាន់បិណ្ឌទី១៣នាថ្ងៃនេះ ដោយមានការចូលរួមពីមន្រ្តីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងមន្រ្តីស្ថានទូតអូស្រ្តាលីទាំងអស់ចំពោះទឹកចិត្តសប្បុរស និងសមានចិត្តអាណិតអាសូរ ដល់ប្រជាជនខ្មែរដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ ព្រមទាំងបានទទួលស្គាល់នូវអំពើយ៉ាងសាហាវយង់ឃ្នង របស់ខ្មែរក្រហមផងដែរ៕