(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងសមត្ថភាព របស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ប.ទ) ២៤ខេត្ត ទូទាំងប្រទេស កំណត់ជា៤តំបន់ សិក្ខាសាលា ផ្តល់ចំណេះដឹង លើការអនុវត្តការងារជាក់ស្តែង ត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការផ្តួចផ្តើមរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។

សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប.ទ.ខេត្ត ដឹកនាំដោយរដ្ឋលេខាធិការមួយរូប ជាតំណាងឯកឧត្តមរដ្ឋមន្ត្រី នៅតាមតំបន់នីមួយៗ ត្រូវបានដំណើរតាមទីតាំងដូចតទៅ៖

១៖ ទីតាំងខេត្តបាត់ដំបង (តំបន់២) មានមន្ទីរប.ទ.ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ-មានជ័យ ឧត្តរមានជ័យ ពីថ្ងៃទី១០ ដល់ ទី១៤ ខែសីហា ឆ្នាំ ២០២០ មានសិក្ខាកាម ៥៣នាក់

២៖ ទីតាំងខេត្តកែប (តំបន់១) មានមន្ទីរប.ទ.ខេត្តតាកែវ កំពត កែប កំពង់ស្ពឺ កោះកុង កំពង់សោម ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានសិក្ខាកាម ៥៣ នាក់

៣៖ ទីតាំងខេត្តសៀមរាប (តំបន់៣) មានមន្ទីរប.ទ.ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី ក្រចេះ ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០ មានសិក្ខាកាម ៥៧ នាក់

៤៖ ទីតាំងខេត្តកំពង់ចាម (តំបន់៤) មានមន្ទីរប.ទ.ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កណ្តាល ពីថ្ងៃទី៧ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ មានសិក្ខាកាម ៥៦ នាក់ ត្រូវបានបញ្ចប់ ជាវគ្គចុងក្រោយបង្អស់ បន្ទាប់ពីវគ្គទី១ ត្រូវបានចាប់ផ្តើមដំណើរការមុនគេ នៅតំបន់ខេត្តបាត់ដំបង។

ក្នុងអំឡុងពេលនៃអង្គសិក្ខាសាលា តំបន់នីមួយៗត្រូវប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញ ពីគ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមានបទពិសោធន៍ ក្នុងអង្គភាពជំនាញ មកធ្វើបទបង្ហាញ ដើម្បីបានជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ទាក់ទងដល់ការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ ជូនដល់សិក្ខាកាមដែលកន្លងមក តែងបានប្រឈមនឹងបញ្ហាដូចៗគ្នា។

សិក្ខាកាមទាំង៤ តំបន់បានលើកជាសំណួរ ចូលរួមការពិភាក្សា ចែករំលែកបទពិសោធន៍ រវាងមន្ត្រីនិងមន្ត្រី មន្ទីរនិងមន្ទីរ ធ្វើលំហាត់នៅចំពោះមុខគ្រូឧទ្ទេស ដែលបានធ្វើបទបង្ហាញនិងជាអ្នកឆ្លើយពន្យល់បំពេញការខ្វះខាតរបស់សិក្ខាកាម និងក្រោមការត្រួតពិនិត្យ លើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុកតំបន់នីមួយៗនិងក្រុមការងារ។

មុខវិជ្ជាជំនាញឬប្រធានបទគឺទាក់ទងនឹង៖ ការងារដ្ឋបាលនិងហិរញ្ញវត្ថុ ធនធានមនុស្ស សវនកម្ម អធិការកិច្ច, វិស័យប្រៃសណីយ៍ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការគ្រប់គ្រងអាជីវកម្មប្រៃសណីយ៍, វិស័យទូរគមនាគមន៍ ការគ្រប់គ្រងធនធានវិសាលគមហ្វ្រេកង់ស៍វិទ្យុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធតាមជំនាញនីមួយៗ រួមទាំងការទំនាក់ទំនងអន្តរជាតិ ឬកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការយល់ដឹងជាទូទៅចំពោះវិស័យជំនាញរបស់ក្រសួង។

ក្នុងដំណើរការនៃអង្គសិក្ខាសាលា ចំពោះវិស័យប្រៃសណីយ៍ សិក្ខាកាមបានចាប់អារម្មណ៍លើបញ្ហាដែលមានពាក់ព័ន្ធនឹងអាជីវកម្មបញ្ញើក្នុងស្រុក និងគន្លឺះដំណោះស្រាយលើភាពអវិជ្ជមានក្នុងការគ្រប់ គ្រងប្រតិបត្តិករ និងតម្រូវការបច្ចុប្បន្នភាពនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់អនុវត្ត។

ឯការងារទាក់លើការ គ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ អធិការកិច្ចនិងសវកម្មផ្ទៃក្នុង សិក្ខាកាមបានយកចិត្តទុកដាក់ផ្តោតលើ បែបបទនិងនីតិវិធីនៃការប្រើប្រាស់លិខិតស្នាម ការងារអនុញ្ញាតច្បាប់ ការលើកទឹកចិត្ត និងការគ្រប់គ្រងប្រាក់ចំណូលជាដើម។

ពិសេសជាងនេះ វិស័យទូរគមនាគមន៍ បានធ្វើឲ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់តាមដាន ដោយមានការលើកឡើងនូវចំណុចសំខាន់ពាក់ព័ន្ធដែលបានជួបប្រទះ ដូចជាប្រភេទបទល្មើសទូរគមនាគមន៍ ការងារគ្រប់គ្រងបង្គោលអង់តែន រួមទាំងដំណោះស្រាយចំពោះទស្សនៈមិនត្រឹមត្រូវតាមបច្ចេកទេសចំពោះការកំណត់
ដែនអេឡិចត្រូម៉ាញេទិច និងបញ្ហាសេវាខ្សោយឬមិនមានសេវាគ្របដណ្តប់នៅតាមតំបន់ខ្លះពីសេវាទូរសព្ទចល័ត3G និង4G ជាដើម។

ចំពោះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT) សិក្ខាកាមមានការចាប់អរម្មណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម ICT ដែលចាំបាច់ត្រូវមានការយល់ដឹង ក្នុងការគោរពប្រតិបត្តិដែលពុំទាន់បានត្រឹមត្រូវ ឬការចូលរួមសហការពីសំណាក់អាជីវករប្រកបអាជីវកម្ម ICT ទៅតាមបទដ្ឋានគតិយុត្តកំណត់។

ក្នុងន័យនេះ សិក្ខាកាមបានលើកមតិពាក់ព័ន្ធនឹងការបម្រើសេវាសាធារណៈនិងការឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករទូរគមនាគមន៍និង ICT ជាដើម។
លើសពីនេះ សិក្ខាកាមបានពេញចិត្តទៅលើការប្រើប្រាស់នៃបច្ចេកវិទ្យាងាយៗតាមទូរសព្ទវៃឆ្លាតដែលបានរួមចំណែកក្នុងការបម្រើការងារឲ្យមានប្រសិទ្ធភាព ចំណេញពេលវេលា ជាពិសេសនៅអំឡុងពេលដែលមានការរាតត្បាតពីកូវីដ-១៩ ដូចជាកម្មវិធី Zoom ជាដើម។

ជារួម ក្រោយពីវគ្គ បណ្តុះបណ្តាលត្រូវបានបញ្ចប់ទាំង៤តំបន់រួចមក សិក្ខាកាមទាំងអស់ បានសំដែងនូវការពេញចិត្តយ៉ាងក្រៃលែង ចំពោះការរៀបចំផ្តល់ចំណេះដឹង តាមយន្តការនេះ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងប្រសណីយ៍និងទូរគម នាគមន៍ដែលបានយកចិត្តទុកដាក់សម្រេចឱ្យមានសិក្ខាសាលាបែបនេះឡើង ដែលបានជួយដោះស្រាយភ្លាមៗ នូវបញ្ហាប្រឈមនានា កើតមានចំពោះមន្ទីរ នៅពេលបំពេញការងារជាក់ស្តែង។

ជាឱកាសពិសេសដែលបានផ្តល់ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ បានយល់ដឹងអំពីតម្រូវការនៃលិខិតបទដ្ឋានពាក់ព័ន្ធនឹងភារកិច្ចរបស់ក្រសួង ដែលមន្ទីរត្រូវគោរពអនុវត្តតាម បានធ្វើឱ្យសិក្ខាកាមមានលទ្ធភាពទទួលបានឱកាសរៀនសូត្រនិងយល់ដឹងអំពីអ្វីដែលកន្លងមកនៅមានការខ្វះខាត ថែមទាំងផ្តល់សិទ្ធិដល់មន្ត្រីរបស់មន្ទីរបានសួរតាមគាត់ចង់ដឹង ហើយទទួលបានចម្លើយដែលអាចយកទៅអនុវត្តបាន។

ចំពោះអ្វីដែលមិនទាន់ដោះស្រាយបាន សិក្ខាសាលាបានបង្ហាញនូវតម្រូវការដើម្បីថ្នាក់ដឹកនាំ ក៏ដូជាក្រសួងមានយន្តការបន្ត ក្នុងការដោះស្រាយ ដូចជាតម្រូវការធ្វើបច្ចុប្បន្នភាពនិងបង្កើតបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។

មន្ត្រីរាជការតាម មន្ទីរប.ទ.ខេត្តទាំង២៤ បានសំណូមពរ ចំពោះលោករដ្ឋមន្ត្រី សូមបន្តឲ្យមានកម្មវិធីបែបនេះ សម្រាប់ជាគន្លឺះជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនក្នុងវិស័យដែលក្រសួងគ្រប់គ្រងតាមល្បឿនបច្ចេកវិទ្យាឌីជីថល ក្នុងបរិបទឧស្សាហកម្មជំនាន់ទី៤ បង្កើនចំណូល ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អណត្តិទី៦នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕