(ភ្នំពេញ)៖ ឧត្តមសេនីយ៍​ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន​ Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជា​មួយកម្លាំងអាវុធហត្ថក្រុង​ភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​គ្រឿងស្រ​វឹង ​នៅគ្រប់​ខណ្ឌទូទាំង​រាជធានីជារៀងរាល់ថ្ងៃ។

ដោយនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន នឹងចុះត្រួតពិនិត្យ ៥គោលដៅ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១១យប់ រហូតដល់ម៉ោង ២រំលងអាធ្រាត។

ឧត្តមសេនីយ៍​ផ្កាយ៣ រុន រ័ត្នវាសនា បានអះអាងបន្ថែមថា ក្នុងករណីដែលពាក់ព័ន្ធនឹងករណី ប្រើប្រាស់ជាតិស្រវឹងក្នុងពេលបើកបរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ៕