(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំ អំណោយជូនដល់ដូនជីគ្មានទីពឹងម្នាក់ ដែលមានជំងឺខ្វះឈាមរ៉ៃរ៉ាំ និងពិការជើងទាំងសង់ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

លោក កែរ រដ្ឋា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ដែលជួបការខ្វះខាត និងគ្មានទីពឹងនោះ លោកស្រីបានចាត់ឲ្យលោកចុះសួរទុក្ខ ជាក់ស្តែងលោកយាយ ថោង នី ដែលមានទីលំនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តនេះ។

លោកបានបន្តថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ពិសេសពលរដ្ឋដែលមានជម្ងឺសម្រាកព្យាបាលក្នុង មន្ទីរពេទ្យបង្អែកនានា ក្នុងខេត្តដូចក្នុងពេលនេះក្រុមការងារបានចុះសួរសុខទុក្ខ លោកយាយដែលមានជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តនេះ ហើយសូមលោកយាយថែរក្សាសុខភាពដោយប្រត្តិបត្រតាមវេជ្ជបញ្ជា របស់គ្រូពេទ្យដើម្បីឆាប់ជាសះស្បើយ។

លោកយាយ ថោង នី ក៏បានថ្លែងអំណរអរគុណដល់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តទាំងអស់ ដែលបានយកចិត្តទុក ដាក់ ក្នុងការព្យាបាលក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជួបការខ្វះខាតរស់នៅក្នុងខេត្តស្វាយរៀង។

សូមបញ្ជក់ថា លោកយាយ ថោង នី មានជំងឺខ្វះឈាមរ៉ាំរ៉ៃ ពិការជើងទាំងសងខាងត្រូវបាន បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយបានបញ្ចូលឈាមចំនួន ៨កំប្លោក ក្នុងនោះ២កំប្លោកបានពីសប្បុរសជន និង៦កំប្លោកទៀតបានពីមន្ទីពេទ្យរដ្ឋ។

សូមជម្រាបថា លោកយាយ ថោង នី ទទួលបានអំណោយរួមមាន៖ ទឹកដោះគោឆៅ ២ឡូ មី ១កេស ទឹកផ្លែឈើ ១កេស និងថវិកា ៥០០,០០០រៀល៕