(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកអាវភ្លៀង ដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ម៉ូតូចំនួន៦គ្រឿង អាវជិត២០០អាវ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយឧបត្ថម្ភដោយឧកញ៉ា ភឿន ផល្លា ជូនមន្ត្រីនគរបាលស្រុកល្វាឯមជិត២០០នាក់ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ នៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានផ្ដាំផ្ញើរកងកម្លាំងទាំងអស់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនប្រជាពលរដ្ឋ ហើយត្រូវថែទាំសុខភាពឱ្យបានល្អ ហើយចូលរួមផ្សព្វផ្សាយវិធានការកូវីដ-១៩ ឱ្យបានដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ ជាយថាហេតុណាមួយ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកល្វាឯម ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក លោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកល្វាឯមទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកឱត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានកោតសរសើរទឹកចិត្តលោកអភិបាលស្រុកល្វាឯម លោក កន សុខកាយ ដែលបានឧបត្ថម្ភឡានមួយគ្រឿងនាពេលកន្លងមក ហើយក៏អរគុណដល់សប្បុរសជនលោកឧកញ៉ា ភឿន ផល្លា ផងដែរ ដែលបានឧបត្ថម្ភម៉ូតូចំនួន៥គ្រឿង ព្រមថវិកាមួយចំនួន និងអរគុណក្រុមហ៊ុនមួយទៀតដែលឧត្ថម្ភម៉ូតូ១គ្រឿង ជូនកងកម្លាំងផងដែរ៕