(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោក នួន ធីរិន្ទ ជាមន្ត្រីចូលនិវត្តន៍ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

សកម្មភាពយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលចូលនិវត្តន៍នេះ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីឧត្តមសេនីយ៍ឯក ស ថេត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ចាត់តាំងឲ្យនាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោក សាន់ តារា មន្ត្រីចូលនិវត្តន៍ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

សម្រាប់គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករចំនួន០១បេ, ទឹកត្រី០១យួរ, ទឹកស៊ីវអ៊ីវ០១យួរ, ទឹកបរិសុទ្ធចំនួន០២កេះ, ទឹកផ្លែឈើ០១កេះ និងថវិការមួយចំនួន។

នាយការិយាល័យប្រឆាំងគ្រឿងញៀន បានលើកឡើងអំពីការយកចិត្តទុកដាក់ និងក្ដីបារម្មណ៍ដល់មន្ត្រីក្រោមឱវាទ ពីសំណាក់ឧត្តមសេនីយ៍ឯក ស ថេត ដែលលោកតែងតែចំណាយពេលវេលាផ្ទាល់ខ្លួន ឬចាត់ឲ្យមន្ត្រីតាមដានមើលពីស្ថានភាពជាក់ស្ដែងរបស់មន្ត្រី ពិសេសមន្ត្រីចូលនិវត្តន៍ ក្នុងការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ព្រោះនៅពេលមន្ត្រីជួបគ្រោះថ្នាក់ មានជំងឺ និងចូលនិវត្តន៍ ជាដើម គឺត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយសារពេលមន្ត្រីនៅមានកម្លាំង គាត់បានលះបង់ចិត្ត-កាយ ដើម្បីជួយដល់អង្គភាព ដល់ប្រជាពលរដ្ឋ និងជួយដល់សង្គមជាតិទាំងមូល៕