(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តអនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ។

លោក ប៉ែន កុសល្យ ថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ឧត្តរមានជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមវេនបិណ្ឌទី១២ ក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក ប៉ែន កុសល្យ បានលើកឡើងថា ទោះបីប្រទេសកម្ពុជាបានព្យាបាលជំងឺកូវីដ១៩ជាសះស្បើយ ជាច្រើនរយនាក់ក៏យើងមិនត្រូវមានការទ្វេសប្រហែសនោះទេ។ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃខាងមុខនេះ គឺមានការជួបជុំគ្នាច្រើននៅតាមទីវត្តអារាម និងតំបន់កំសាន្តនានា ដូច្នេះវិធានការដ៏មានប្រសិទ្ធិភាព ដើម្បីការពារ ជំងឺកូវីដ១៩ នោះគឺត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវឧស្សាហ៍លាងសម្អាតដៃដោយសាប៊ូ ឫទឹកអាល់កុល និងត្រូវពាក់ម៉ាស់ ឱ្យបានគ្រប់ៗ គ្នាពេលស្ថិតក្នុងទីប្រជុំជន។

បន្ទាប់ពីបានអុជធូបបូជា ផ្កាភ្ញី និងរាប់បាតឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានរួចមក លោក ប៉ែន កុសល និងក្រុមការងារ បានប្រគេនព្រះសង្ឃនូវទេយ្យវត្ថុ និងបច្ច័យ ១៦,១៥១,០០០រៀល និងបានចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្តចំនួន១០០គ្រួសារផងដែរ៕