(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទ ប្រមាណ១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅសាលាខេត្តកំពត។

ក្នុងឱកាសសំណេះសំណាលនោះ លោក ជាវ តាយ បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហាកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពត។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយ និងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ ដោយមិនខ្លាចនឿយហត់ ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង ឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។

លោកថា «បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើងកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយ សារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការ អនាម័យសុខភាព ការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករ ដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត»។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខេត្ត ក៏បានផ្ដល់ជូនកងកម្លាំងទាំងបីប្រភេទ សរុប ១,២០២នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល សរុបស្មើនឹង ៦០,១០០,០០០រៀល។ ដោយថវិកាដែលបានផ្ដល់ជូននេះគឺបានមកពីការចូលរួមថវិកាបដិភាគ ៥0% របស់រដ្ឋបាលខេត្ត ជាមួយនឹងមេបញ្ជាការកងកម្លាំងទាំងបី៕