(ភ្នំពេញ)៖ លោក ប៉ុល និលឯក នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោកបានចុះទៅបង្ក្រាបករណីចែកចាយ និងជក់គ្រឿងញៀនមួយករណី ស្ថិតនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួន ជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំ៥កញ្ចប់ផងដែរ។

លោកបានបញ្ជាក់ថា «ក្រោមបញ្ជាពីលោកស្នងការ និងស្នងការរងទទួលផែន កម្លាំងយើងបានចុះទៅបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាក់ស្តែង និងដកហូតថ្នាំ៥កញ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ»។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាយ៉ាងសកម្មនៅប្លុកបឹងកក់ម្ដុំផ្លូវរទះភ្លើង។ ជនសង្ស័យទាំង៥នាក់រួមមានទី១ ឈ្មោះ ចាន់ វណ្ណាះ អាយុ៣៤ឆ្នាំ ទី២ឈ្មោះ អ៊ី វណ្ណាះ អាយុ៣៣ឆ្នាំ ទី៣ឈ្មោះ អ៊ុក ម៉ានិក អាយុ២៧ឆ្នាំ ទី៤ឈ្មោះទិត្យ វីរះ អាយុ២៧ឆ្នាំ និងទី៥ឈ្មោះ ឡុង ស៊ីណា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរមិនពិកប្រាកដ។

ក្រោយការចុះបង្ក្រាបជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

 

Posted by Fresh News Photo on Saturday, January 30, 2016