(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានរំលឹកប្រជាពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានល្អ ហើយត្រូវបន្ដការប្រយ័ត្នជាមួយនឹងជំងឺកូវីដ-១៩ ដ្បិតប្រទេសកម្ពុជា បានឈ្នះលើជំងឺនេះហើយក្ដី ប៉ុន្តែពលរដ្ឋត្រូវតែបន្តអនុវត្តតាមវិធានការណ៍របស់ ក្រសួងសុខាភិបាលជាបន្តបន្ទាប់។

សារក្រើនរំលឹករបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុង​ឱកាស អញ្ជើញចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍មាស ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញាអុង ស្រុកលើកដែក ដែលបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះ ព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដានដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែប្រទេសកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរធារ ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។

លោកអភិបាលខេត្តបន្ថែមថា ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នា គប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗ ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕