(សៀមរាប)៖ ជនសង្ស័យម្នាក់ដែលតែងធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវមុខ បន្ទប់ជួលមួយកន្លែង ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ៣៣ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់ស្មា ពេលនោះជនរងគ្រោះប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃមកវិញ។

ចំណែកជនសង្ស័យយកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមាន iPod ពណ៌ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង០១គ្រឿង និងគ្រឿង សំអាងមានតម្លៃមួយចំនួនទៀត គេចខ្លួនបាត់។

ក្រោយពីកើតហេតុ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក សហការជាមួយ នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា និងភិនភាគម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព គឺម៉ាក Honda Dream ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1Y-6834 ប៉ុន្តែជនសង្ស័យគេចខ្លួនបាត់។

លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នី បូរីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទតាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ពេលនោះជនរងគ្រោះបានឃើញ និងចំណាំស្លាកលេខ ម៉ូតូរបស់ជនសង្ស័យ ដែលមានស្លាកលេខ1Y-6834។

បន្ទាប់មកសមត្ថកិច្ចបានទទួលបណ្តឹង កំណត់អត្តសញ្ញាណជនសង្ស័យ ដែលជាមុខសញ្ញាចាស់កំពុងស្វែងរក និងដោយមានការដឹកនាំបញ្ជាពី ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ ធ្វើការឃ្លាំមើលផ្ទះជនសង្ស័យ ដែលសមត្តកិច្ចស្គាល់ស្រាប់ ក៏ឃើញរូបគេគេចចូលសំងំក្នុងផ្ទះ និងធ្វើការហ៊ុព័ទ្ធផ្ទះរបស់ជនសង្ស័យ និងឃាត់ខ្លួនយកមកធ្វើការសាកសួរ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iPhone X ពណ៌ស, ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536 ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។

ក្រោយពេលធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ២៦ឆ្នាំ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀន និងបានធ្វើសកម្មភាព ឆក់កាបូប ទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕