(ភ្នំពេញ)៖ រថយន្តស៊េរីថ្មីទំនើប ទើបតែមកដល់ប្រទេសកម្ពុជា គឺរថយន្ត BMW 7 SERIES ត្រូវបានក្រុមហ៊ុន Premium Auto Imports BMW Importer បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការហើយ ដោយរថយន្តស៊េរីថ្មីនេះ គឺមានបំពាក់ទៅដោយ បច្ចេកវិទ្យាថ្មីទំនើបៗ កម្លាំងម៉ាស៊ីនខ្លាំង ហើយរថយន្តនេះ គឺជាម៉ូដែលជំនាន់ទី៦ ថ្មីចុងក្រោយរាល់ការបញ្ជា នៅក្នុងរថយន្តនេះគឺគ្រាន់ តែប្រើកាយវិការនិង ធ្វើឲ្យអ្នកបើកបរមាន ទំនុកចិត្តជឿជាក់និងមានមោទនភាព ពេលបានក្លាយជាម្ចាស់រថយន្ត BMW 7 SERIES នេះ ។

នៅក្នុងកម្មវិធីសន្និសីទកាសែត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នាយកក្រុមហ៊ុន BMW លោក Peter Brongers បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន ដោយមានការសម្របសម្រួល បកប្រែដោយ កញ្ញា លី លក្ខិណា ប្រធានផ្នែកលក់ បានឲ្យដឹងថា «សម្រាប់រថយន្ត BMW 7 SERIES ជំនាន់ទី៦ គឺមានចំណុចពិសេសច្រើន ដោយមានបច្ចេកវិទ្យាថ្មី ដំបូងគេបង្អស់ នៅលើពិភពលោក ហើយរថយន្តនេះ ដែលគឺបានទទួលរង្វាន់បចេ្ចកវិទ្យាទំនើបជាងគេ នៅលើពិភពលោកថែមទៀតផង ។ រថយន្តនេះគឺជាស្នាដៃឯកដ៏អស្ចារ្យមួយពីក្រុមហ៊ុន BMW ហើយក៏ជារថយន្តដ៏ប្រណិតមួយ ដែលបង្កើតឡើងធ្វើ ឲ្យម្ចាស់រថយន្តនេះ ប្រើប្រាស់វាប្រកបដោយមោទនភាព»

លោក Peter Brongers បានឲ្យដឹងទៀតថា រថយន្ត BMW 7 SERIES បាននាំចូលមកដល់ ប្រទេសកម្ពុជាយើងហើយដោយវគ្គដំបូងនេះ ក្រុមហ៊ុនបាននាំចូលប្រមាណជាង១០គ្រឿង ហើយសម្រាប់តម្លៃ គឺចាប់ពី១៧៤,០០០ដុល្លារអាមេរិក រហូតដល់កន្លះលានដុល្លារផងដែរ។ហើយសម្រាប់តម្លៃរថយន្ត BMW 7 SERIES នេះ បើសិនជាយើងធ្វើការថ្លឹងថ្លែង និងលក្ខណៈសម្បត្តិ ដែលបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបៗ និងភាពប្រឌិតរបស់រថយន្តគឺមិនថ្លៃទេ ព្រោះថារថយន្តនេះធ្វើឲ្យម្ចាស់(អ្នកបើក) មានមោទនភាព ព្រោះថាម្ចាស់របស់រថយន្តនេះ ពេលដែលជិះគឺមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យនិងលេចធ្លោខ្លាំងណាស់ ។

ចង់ដឹងថារថយន្ត BMW 7 SERIES មានសោភ័ណ្ឌទំនើបស៊ីវិល័យ និងមានរូបរាងស្អាត យ៉ាងណាតោះ ទៅទស្សនា ជាមួយរូបភាពទាំងអស់គ្នា៖