(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៥ ដែលភ្ជាប់ពីស្រុកឆែបទៅស្រុកជ័យសែន ខេត្តព្រះវិហារ មានប្រវែង ២០.៤គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការជួសជុល ១០០%ហើយ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានយ៉ាងស្រួល ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, មន្ទីរបានយកចិត្តទុកដាក់ខ្ពស់លើកការងារថែទាំ និងជួសជុលផ្លូវក្នុងខេត្ត ដែលគ្រប់គ្រងដោយមន្ទីរ ក្នុងនោះមន្ទីរបានបែងចែកជាក្រុមផ្សេងៗ សឹងតែអាចនិយាយបានថា ក្រុមប្រតិកម្មរហ័ស ដែលបង្កើតឡើងក្នុងទិសដៅការពារមិនឲ្យផ្លូវពីសំបុកមាន់ក្លាយទៅជាគ្រលុក ទៅថ្លុក ត្រពាំងនោះទេ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ជាក់ស្តែងផ្លូវជាតិលេខ៩៥ ប្រវែង ២០.៤គីឡូម៉ែត្រ ដែលក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរទើបបញ្ចប់ការជួសជុលកាលពីម្សិលមិញនេះ មិនមែនបានន័យថា ផ្លូវនេះខូចខាតធ្ងន់ធ្ងរមិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរកើតនោះទេ តែផ្លូវនេះបានរងការខូចខាតខ្លះៗ ដោយសារទឹកភ្លៀងធ្លាក់នៅរដូវវស្សានេះ បណ្តាលឲ្យមានគ្រលុកខ្លះៗ ដូច្នេះដើម្បីបំបាត់ គ្រលុកសំបុកមាន់នេះ មន្ទីរបានចាក់ដីក្រាលគ្រួសក្រហមកៀរសម្រួលកិនបង្ហាប់រួចរាល់ជាស្ថាពរហើយ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរដោយស្រួល ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរ លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង ពោលកុំដឹកលើកទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំរំលោភយកចំណីផ្លូវធ្វើអាជីវកម្មផ្សេង ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមបើកបរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើងនិងអ្នកដ៍ទៃ៕