(កំពង់ស្ពឺ)៖ ការលើកឡើងចំពោះអ្នកមានសមត្ថភាព ក្រុមយុវជនស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម ត្រូវបន្តរិះរកវិធីសាស្ត្រអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យយល់ពីសុវត្ថិភាពចរាចរណ៌ នៅពេលធ្វើដំណើរលើដងផ្លូវ ហើយត្រូវអនុវត្តន៍ជាក់ស្តែងតាមសាលា និងសហគមន៍ ដើម្បីឲ្យពួកគាត់បានយល់ដឹងខ្ពស់។

នេះជាការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ អញ្ជើញចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបិតស្ទិចឃឺ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវនៅស្ថិតនៅវិមានឯករាជ្យខេត្តនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

លោកអភិបាលបានថ្លែងបញ្ជាក់ថា គណៈកម្មាធិការសាខា មន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន ស.ស.យ.ក មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត និងនគរបាលចរាចរណ៍ ត្រូវអនុវត្តន៍វិធានការបញ្ជៀសដល់សិស្ស និងប្រជាសហគមន៍ ទើបមានប្រសិទ្ធិភាព ថែមទាំងទទួលផល។

លោកបន្តថា ការបញ្ជៀបការយល់ដឹងពីច្បាប់ចរាចរណ៍ជូនសាធារណជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ដែលទាក់ទងនិងហានិភ័យ នៃការបើកបរមិនពាក់មួកសុវត្ថិភាព និងបើកបរ មិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បានរួមចំណែកកាត់បន្ថយអ្នករបួស ស្លាប់ និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៌ ឲ្យនៅកំរិតទាបនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ៕