(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរំលាច ស្ថិតនៅក្រុងក្រចេះ ដោយរឹបអូសបានវត្ថុតាងជាច្រើន។

សកម្មភាពនេះ ផ្នែករដ្ឋបាលជលផលកាំពី ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយមន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារភូមិ និងសហគមន៍នេសាទសង្កាត់រកាកណ្តាល ដឹកនាំដោយ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ។

លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបានដកហូត និងរឹបអូសបានវត្ថុតាងល្មើសច្បាប់មួយចំនួន ដូចខាងក្រោម៖

១៖ លូស្បៃមុង ចំនួន២៩ មាត់លូ
២៖ របាំងស្បៃមុង ចំនួន២៥ខ្សែ ប្រវែង ១២០០ម៉ែត្រ
៣៖ បង្គោលឫស្សីឃ្លៃ ចំនួន ៣៧៥ដើម
៤៖ ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ១១គីឡូក្រាម។

វត្ថុតាងល្មើសច្បាប់ទាំងអស់ត្រូវបានដឹកជញ្ជូន យកទៅថែរក្សាទុកនៅខណ្ឌរដ្ឋបាលជលផល ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។

លោកនាយខណ្ឌ បានអំពាវនាវ និងសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសូមឲ្យមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងអស់គ្នា ដោយមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានធ្វើការហាមឃាត់ ដូចជា ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនេះ សូមកុំធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង, ទន្លេ, ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះ បានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពឹសក៏មិនសេះសល់ដែរ៕