(ត្បូងឃ្មុំ)៖ លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានអំពាវនាវយុវជន និងពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវការរក្សាគម្លាត ត្រូវពាក់ម៉ាស់ និងរក្សាអនាម័យដោយលាងដៃជាមួយអាកុលឫសាប៊ូ ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឳកាសលោក រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជាការនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ (ស.ស.យ.ក) ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ក្នុងទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកតា លោកយាយ ញាត្តិញោមពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

សទ្ធាជ្រះថ្លារបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីរាជការជុំវិញខេត្ត លោកតា លោកយាយ ញាត្តិញោមពុទ្ធបរិស័ទ បានប្រគេនបច្ច័យជូនចំនួន ៦,០០០,០០០រៀល ដើម្បីទុកកសាងសមិទ្ធិផលនានាបន្តក្នុងវត្តតេជសុវណ្ណភូមិ ដែលជាវត្តទើបបានបង្កើតថ្មី ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃនៅទីអារាមមួយនេះផងដែរ៕