(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់បុរស២នាក់ បានស្លាប់ ក្រោយបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តសៀមរាប ដោយសារពុលសត្វកំភេមខ្មោចក្រោយពីបានបរិភោគជុំគ្នា។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងសំរោង បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះទាំង២នាក់ ដែលមានមុខរបរស៊ីឈ្នួលបើករថយន្តឲ្យគេ បាននាំគ្នាបរិភោគសត្វកំភេមខ្មោច។ បន្ទាប់ពីបរិភោគរួច ក៏មានអាការៈពុល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ តែដោយអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅសង្រ្គោះនៅឯមន្ទីរពេទ្យខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា វេលាម៉ោង ១២.០០នាទី ថ្ងៃទី១០ ខែកញ្ញា ជនរងគ្រោះទី១ ផុន ញូង អាយុ៣៨ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាប លុះដល់ម៉ោង ០១៖៣០នាទី ថ្ងៃទី១១ ខែកញ្ញា ជនរងគ្រោះទី២ ផល មួន អាយុ៤៧ឆ្នាំ ក៏បានស្លាប់នៅមន្ទីរពេទ្យសៀមរាបទៀត ហើយសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដោយឡែកលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា មូលហេតុដែលបញ្ជូនជនរងគ្រោះទាំង២ ទៅសង្គ្រោះបន្តនៅខេត្តសៀមរាប ដោយសារពេទ្យនៅសៀមរាបមានឧបករណ៍គ្រប់គ្រាន់ ដូចជា ឧបករណ៍លាងតម្រងនោម ដោយសារជនរងគ្រោះនោមតិចទៅៗ ហើយការពុលនេះគឺប៉ះពាល់តម្រងនោម ដូច្នេះយើងត្រូវលាងវា ម្យាងទៀតជនរងគ្រោះពេលមកដល់មន្ទីរពេទ្យខេត្តមានអាការះធ្ងន់ធ្ងរទៅៗហើយ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋយើង ត្រូវចូលរួមរក្សាអនាម័យជានិច្ចក្នុងការរស់នៅ ពោលគឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារ ពីជំងឺផ្សេងៗ ពិសេសត្រូវហូបចំណីអាហារណាដែលយើងស្គាល់ច្បាស់ របស់ណាដែលយើងមិនស្គាល់ច្បាស់មិនត្រូវហូបនោះទេ ដូចជាផ្សិត ត្រីកំពតឫក៍សត្វផ្សេងៗ ដែលជាហេតុធ្វើឲ្យរងគ្រោះដោយការពុលរហូតស្លាប់ក៍មាន៕