(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន ស្ថិតនៅទីតាំងទួលស្វាយព្រៃ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយស្ដីអំពី «គ្រោះថ្នាក់ដោយសារគ្រឿងញៀន ជំងឺអេដស៍ និងបញ្ហាប្រឈមនានា» ដើម្បីផ្ដល់ចំណេះដឹង រួមទាំងចាត់វិធានការណ៍ទប់ស្កាត់ ដល់សិស្ស-និស្សិត របស់ខ្លួនឲ្យជៀសផុត ពីការប្រព្រឹត្ដិទង្វើ ដែលបំផ្លាញជីវីតដោយមិនដឹងខ្លួន។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធជំងឺអេដស៍ ឧត្ដមសេនីយ៍ទោ ថោ សុគន្ធា ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្ដារនីតិសម្បទា នៃក្រសួងមហាផ្ទៃ លោក ឆាយ រត្ន័ មុន្នី នាយកប្រតិបត្ដិនៃ សាកលវិទ្យាល័យវេស្ទើន តំណាងរបស់ លោក បណ្ឌិត តែ ឡូរិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន។

លោក វេជ្ជបណ្ឌិត តែងគន្ធី ថ្លែងថា សិស្ស-និស្សិតទាំងអស់ ត្រូវតែពង្រឹងនូវចំណេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាជៀសឲ្យផុត ពីការសេពគ្រឿងញៀន និងតបការរួមភេទ នៅវ័យសិក្សាឲ្យបាន ព្រោះនៅវ័យសិក្សា ជាវ័យដែលយើងត្រូវក្រេបនូវចំណេះវិជ្ជា ដើម្បីឲ្យអនាគតយើងទាំងអស់គ្នា ទទួលបានភាពជោគជ័យ និងក្លាយជាធនធានមនុស្សដ៏ល្អបំផុត។
ទន្ទឹមនឹងនោះ លោក ឆាយ រត្ន័ មុន្នី បានថ្លែងផងដែរថា ពិតណាស់ គ្រឹះស្ថានបណ្ដុះបណ្ដាលធនធានមនុស្ស មិនថាសាលាឬ សកលវិទ្យាល័យណាទេ តែងតែរំពឹងទុកថា និងមានមានសិស្ស-និស្សិត របស់ខ្លួនក្លាយទៅជាធនធានដ៏ល្អសម្រាប់ពេលអនាគត។

លោកថ្លែង បន្ដទៀតថា ដូចច្នេះយុវជនយើងជាទំពាំងស្នងឬស្សីដ៏សំខាន់ បើធ្លាក់ខ្លួនទៅ សេពគ្រឿងញៀននោះ មិនអាចចូលរួមក្នុងសង្គមមួយដ៏ធំ និងពិភពលោកទាំងមូលដោយ ភាពកិត្ដិយសនោះទេ មិនត្រឹមតែប៉ុននោះ វានឹងក្លាយជាភាពអន្ដរាយមួយដ៏ធំមួយ សម្រាប់ខ្លួនយើង និងសង្គមយើងទៀតផង។

លោក បន្ថែមថា «ជាងនេះទៅទៀត បញ្ហាគ្រឿងញៀន និងជំងឺ HIV ខ្ញុំគិតថាវាជាមេរោគដ៏កាចសាហាវបំផុត ហើយក៏ជាជំងឺមួយ ដែលយើងទាំងអស់គ្នាចូលរូមទប់ស្កាត់ឲ្យបាន កុំឲ្យបញ្ហាទាំងនេះ មកបំផ្លាញ ជីវិតដ៏ស្រស់ថ្លា និង សុភមង្គល របស់ក្រុមគ្រួសារយើងឡើយ យើងត្រូវតែចេះ ការពារ ព្រោះវាជាវិធានការ ដែលយើងគ្រប់គ្នាអាចធ្វើបាន ហើយសង្ឈឹមថា និងធ្វើតាមអ្វីដែលយើងបង្រៀនថ្ងៃនេះ របស់វាគ្មិនទាំងពីររូប បានបង្រៀនយើង និងយកទៅអប់រំផ្សព្វផ្សាយបន្តទៀត តាមរយ:មិត្ត អប់រំមិត្ត ដើម្បីអោយគាត់យល់ដឹងអំពីគ្រោះថ្នាក់នេះ ហើយយើងសង្ឈឹមថា នឹងអាចជៀសផុត ពីការជួញដូរគ្រឿងញៀន និងចម្លងអេដស៍ ១០០%»។

គួរបញ្ជាក់ថា សិស្សនិស្សិត ដែលទទួលបានការបណ្ដុះបណ្ដាលក្នុងសិក្ខាសាលាពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន ជំងឺអេដស៍ និងបញ្ហាប្រឈមនានា បានឲ្យដឹង ក្នុងនាមជានិស្សិតនៅសាកលវិទ្យាល័យ វេស្ទើន យើងទាំងអស់ នឹងប្ដេជ្ញា ប្រឹងប្រែងសិក្សា ឲ្យក្លាយជាធនធានមនុស្សដ៏សម្បូរបែប ពោរពេញទៅដោយ ចំណេះវិជ្ជា ដើម្បី ជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ យើង ឲ្យកាន់តែរីកចម្រើនជានិរន្ដ៍ ពិសេស គឺត្រូវជៀសឲ្យផុតពីការសេពគ្រឿងញៀន និងដើរកំសាន្ដភ្លេចការសិក្សា រួមទាំងមិនត្រូវមានដៃគូស្នេហាច្រើន ឲ្យខ្លួនធ្លាក់ក្នុងការឆ្លងមេរោគអេដស៍ផងដែរ៕

Western University!

Posted by សយ ចាន់ លក្ខិណា on Friday, January 29, 2016