(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ លោកសាស្រា្តចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ព្រមទាំងលោកស្រីរដ្ឋលេខាធិការ យក់ សម្បត្តិ និងប្រតិភូក្រសួងសុខាភិបាល រួមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យសកម្មភាពការងារសាងសង់ អគារផ្នែកសម្ភព និងថែទាំទារក ក្នុងបរិវេណនៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់។

អគារថ្មីនេះមាន៦៥គ្រែ និងបំពាក់ដោយបរិក្ខារថែទាំព្យាបាល ផ្នែកសម្ភព និងទារកទំនើបៗ។ អគារនេះបានទទួលការឧបត្ថម្ភថវិការពីមូលនិធិ KOFIH នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈល្អ។ មន្ទីរពេទ្យនេះមាន២០២គ្រែ និងអត្រាប្រើប្រាស់គ្រែ គឺ១០០ភាគរយ។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានចុះសួរសុខទុក្ខ បងប្អូនជាអ្នកជំងឺដែលកំពុងសំរាក នៅក្នុងមន្ទីរពេទ្យនេះផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំដល់បងប្អូន ជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ ឲ្យខិតខំថែមទៀតក្នុងការកៀរគរធនធាន ដើម្បីពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និងទំនើបកម្មមន្ទីរពេទ្យឲ្យកាន់តែប្រសើរថែមទៀត ព្រមទាំងខិតខំស្វែងរកឱកាសបណ្តុះបណ្តាល បន្តទាំងក្នុង និងក្រៅប្រទេស ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដើម្បីធ្វើយ៉ាងណាបំរើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។

លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេសបុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលងមេរោគកូវីដ១៩ថ្មី តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕