(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទ រួមទាំងរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តសែនសុខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីបុណ្យកាន់បណ្ឌិ ភ្ជុំបិណ្ឌនេះ មានពុទ្ធបរិស័ទជាច្រើន ចូលរួមដាក់បិណ្ឌ ដោយក្ដីសប្បាយរីករាយ និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ជាពិសេសបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មកទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ក្នុងវេនកាន់បិណ្ឌទី១០នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវេរប្រគេនព្រះសង្ឃ នូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕