(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមចោរហារយ ចូលកាត់ចម្រឹងដែកបង្អួច ចូលយកអស់ទ្រព្យសម្បត្តិមួយចំនួន នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។

ម្ចាស់ផ្ទះដែលរងគ្រោះនេះ ឈ្មោះ នី សុជិន្លី ជាមន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ករណីនេះអាចធ្វើឡើងនៅចន្លោះមុនម៉ោង១២ កណ្តាលអាធ្រាត្រ ដោយក្រុមចោរបានកាត់ដែកចម្រឹងបង្អួចហើយ យកកុំព្យូទ័រចំនួន២គ្រឿង កាមេរ៉ាទំនើបមួយគ្រឿង និងសម្ភារមួយចំនួនទៀត។

លោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដោយស្នើឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនក្រុមចោរទាំងនេះមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីផ្តល់ទំនុចចិត្តដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ជាពិសេសនៅសង្កាត់សំរោងក្រោមនេះតែម្តង ក៏បានសម្តែងពីការព្រួយបារម្ភអំពីភាពអសន្តិសុខ តាមរយៈសកម្មភាពចោរគាស់ផ្ទះជាបន្ទបន្ទាប់ ហើយអំពាវសុំឱ្យសមត្ថកិច្ចបង្កើនសកម្មភាពល្បាត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕