(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកម្ពុជាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយលោកបានបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ ពីសមិទ្ធផលជាច្រើន ដែលបានកសាងឡើង ក្រោមម្លប់នៃសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងបែបនេះ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោក និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយប្រតិភូក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ចូលរួមកាន់បិណ្ឌវេនទី០៩ នៅវត្តចំនួន០៣ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រួមមាន វត្តអន្លង់ពោង វត្តទួលខ្លុង និងវត្តដូនម៉ៅ។

លោកឧនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវប្រជាពលរដ្ឋ ត្រូវរួមគ្នាបន្តបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយត្រូវរក្សាគម្លាត កុំប្រមូលផ្តុំជួបជុំ ត្រូវពាក់ម៉ាស និងរក្សាអនាម័យដោយលាងដៃជាមួយអាកុល ឬសាប៊ូ ឲ្យបានជាប់ជាប្រចាំ។

ដោយសទ្ធាជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃ និងប្រគេនបច្ច័យមួយចំនួនទៀត ចូលរួមកាន់បិណ្ឌ និងទុកកសាងសមិទ្ធផលនានបន្តទៀត ដល់វត្តទាំង៣ខាងលើនេះផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១៨ ខែកញ្ញា៕