(ព្រៃវែង)៖ លោក ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងនាយឧត្តមសេនីយ៍ សាន លុច និងលោកស្រី រួមជាមួយនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអន្ទះ បានអញ្ជើញកាន់វេនបិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌដោយបាននាំយកនូវទេយ្យវត្ថុ និងថវិកាមួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគេនដល់ព្រះសង្ឃ ចំនួន២៧អង្គ នៅវត្តអង្គរមានយស ស្ថិតក្នុងភូមិអង្គរយស ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀងខេត្តព្រៃវែង នៅថ្ងៃសុក្រ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

ពិធីនេះប្រព្រឹត្តតាមប្រពៃណីទំនៀមទម្លាប់ និងគន្លងព្រះពុទ្ធសាសនា ដោយមានបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងធ្វើបទនមសិកាសមាទានសីល ជាកិច្ចរំលឹកនឹកដល់គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់តាមប្រពណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ។

កុសលផលបុណ្យ ដែល កើតឡើងក្នុងថ្ងៃនេះមួយផ្នែកក្រៅពីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មានជីដូនជីតា ញាត្តិការទាំងប្រាំពីរសន្តាន លោក ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងនាយឧត្តមសេនីយ៍ សាន លុច និង លោកស្រី ក៏សូមឧទ្ទិសជូន វិញ្ញាណក្ខន្ធវីរជន អ្នកស្នេហាជាតិ ដែលបានពលី ជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ដែលបានបាត់បង់អាយុជីវិត យ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីអាក់ខានឡើយ។

សូមជម្រាបថា ទេយ្យវត្ថុដែលប្រគេននៅពេលនេះរួមមាន ៖ អង្ករ៤បាវ មី៥កេស ទឹកក្រូច២០កេស ទឹកសុទ្ធ៣០កេស និងបច្ច័យកសាងមួយចំនួន ប្រគេនព្រះសង្ឃចំនួន២៧អង្គក្នុង១អង្គៗស្លាដកមួយ និង ចង្ហាន់ ។

សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទ្វារទសមាសដែលប្រជាពលរដ្ឋទូទាំងប្រទេស តាំងពីបុរាណរៀងមកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចាប់ពីថ្ងៃ១រោចដល់១៤រោចហៅថា បិណ្ឌ១ដល់បិណ្ឌ១៤ដល់ថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ៕