(កំពង់ឆ្នាំង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ គឺឃុំស្វាយ និងឃុំសេដ្ឋី។

វេទិកាសាធារណៈនេះដឹកនាំដោយលោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រៀបចំនៅក្នុងបរិវេណវិហារឥស្លាម ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អ្នកចូលរួមសរុបចំនួន១៨៥នាក់។

គោលបំណង នៃអង្គវេទិកា ត្រូវបានរៀបចំឡើង ដើម្បីជម្រាបជូនអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីស្ថានភាព និងជីវភាពរស់នៅ ក្តីកង្វល់និងស្វែងរកដំណោះស្រាយ ជូនប្រពលរដ្ឋ។ ក្នុងនោះក្រុមការងារទទួលបានបញ្ហា និងសំណូមពរដោយផ្ទាល់មាត់បានចំនួន ១១ករណី រួមមាន៖ បញ្ហាទំនាស់ដីធ្លីមានចំនួន៣ករណី, ជួសជុសលូ និងស្ពានរំដោះទឹកចំនួន៣ករណី, ការតភ្ជាប់បណ្តាញអគ្គិសនីចំនួន ២ករណី, បណ្តាញទឹកស្អាតចំនួន ២ករណី, សកម្មភាពចុះកំណត់អត្តសញ្ញាណកម្ម ១ករណី និងបញ្ហា ១ករណី ពាក់ព័ន្ធសេវាបង់ពន្ធលក់ដីធ្លី ត្រូវបានជំនាញស្រាយបំភ្លឺនៅអង្គវេទិកាខាងលើនេះផងដែរ។

ក្នុងនោះក្រុមការងារបានទទួលយកសំណើរ និងសំណូមពរដែលមិនទាន់ត្រូវបានដោះស្រាយទាំងនោះ ដើម្បីដោះស្រាយបន្ត និងកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗនៅពេលក្រោយ។

បន្ថែមពីនេះលោកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមឱ្យបងប្អូនឈប់បន្ទោបង់ពាសវាលពាសកាល ហើយងាកមកប្រើបង្គន់អនាម័យទាំងអស់គ្នា៕