(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួយស្ថានទូតអាមេរិក ដើម្បីពង្រឹងកិច្ចសហការ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសកម្មភាព និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

កិច្ចប្រជុំនេះ ភាគីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្ដរជាតិ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។

សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។

សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)៕